ភ្នំពេញ៖ លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខៅឌូ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាដល់ផលប្រយោជន៍កម្មករ ដែលកំពុងជួបការលំបាក ខណៈតំណាងកម្មករ និយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកជំនាញ របស់អង្គការអន្តរជាតិ ខាងការងារ (ILO)សរុប ៨៥រូប បានមកជួបជុំគ្នា ពិនិត្យ និងពិភាក្សា ផ្តល់យោបល់ ជាធាតុចូលប្រកប ដោយគុណប្រយោជន៍ លើការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ដែលមានអាយុជាង ២ទសវត្សរ៍ ឱ្យបន្តឆ្លើយតបនឹងការវិវឌ្ឍផ្នែកសេដ្ឋកិច្ច-សង្គមរបស់ប្រទេស ។
លោក គង់ អាទិត្យ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា” សួរស្តីបងប្អូន ទាំងអស់គ្នា សូមជូនដំណឹងឲ្យបានជ្រាបថា ប្រហែលជាមានការកែប្រែច្បាប់ ការងារចំនុចការធ្វើការងាររវេនយប់ និងការឈប់ជំនួសថ្ងៃបុណ្យចំថ្ងៃអាទិត្យ ។ សូមបងតាមដាននិងចូលរួមយ៉ាងសកម្ម ដើម្បីផលប្រយោជន៍របស់បងប្អូន។ សម្ព័ន្ធសហជីព ស៊ីខៅឌូ សូមសំណូមដល់រាជរដ្ឋាភិបាល សូមមេត្តាពិចារណាដល់ផលប្រយោជន៍កម្មករ ដែលកំពុងជួបការលំបាកផង” ។
ទាក់ទិនការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារនេះ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ស្របតាមវិធានការកែទម្រង់មុតស្រួចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារសិក្សាលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារ ឱ្យស្របតាមបរិបទសេដ្ឋកិច្ចនិងសង្គម ។
បន្ទាប់ពីបានបញ្ចប់ការសិក្សា ជាបឋមលើភាពចាំបាច់ និងអត្ថប្រយោជន៍ នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ក្រសួងបាន បានសហការជាមួយអ្នកជំនាញ របស់អង្គការ ILO រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគីលើកទី១ ដើម្បីពិភាក្សាអំពីលទ្ធភាពលើ៖
១-ការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធ នឹងវេនការងាររបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលមានដំណើរការលើសពី ១វេនជាប្រចាំ ។ ដូចបានបញ្ជាក់ ក្នុងសេចក្តីជូនដំណឹង ស្តីពីសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្តីពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ របស់ក្រសួង ការកែសម្រួលនេះមានគោលបំណង (១) បង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជារោងចក្រផលិតបរិក្ខារអគ្គិសនី, គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ ជាដើម និង (២) បង្កើនការងារជូនប្រជាពលរដ្ឋ ទៅតាមជម្រើស និងតម្រូវការជាក់ស្តែងរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណូល កាន់តែប្រសើរឡើង។ ត្រង់ចំណុចនេះលោកបានបញ្ជាក់ ផងដែរថា រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលធ្វើការលើសពី ១វេន ម្តងម្កាល គឺត្រូវ បន្តអនុវត្តបទប្បញ្ញត្តិដែលមានជាធរមាន ។
២-ការលុបការឈប់នៅថ្ងៃ បន្ទាប់សម្រាប់ថ្ងៃឈប់ សម្រាកបុណ្យចំថ្ងៃអាទិត្យ ដូចដែលអនុវត្ត ចំពោះមន្ត្រីរាជការសាធារណៈទូទៅ និងការអនុវត្តនៅក្នុងបណ្តា ប្រទេសមួយចំនួនក្នុងតំបន់ ។ ការកែសម្រួលនេះ គឺដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទំាងក្នុងតំបន់ និងសកលលោក ។ ក្រសួងនឹងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ និងធានាថាផលប្រយោជន៍របស់កម្មករ និយោជិតគ្រប់រូបមិនត្រូវបានកាត់បន្ថយ។
៣-ការពង្រីកវិសាលភាព សេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទការងារបុគ្គល ដូចការដោះស្រាយវិវាទការងាររួមដែរ ដោយមូលហេតុថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នដោះស្រាយវិវាទការងារ ក្រៅប្រព័ន្ធតុលាការ ដែលទទួលបានការទុកចិត្តពីគ្រប់ភាគី។ ចំណុចនេះ ត្រូវបានលើកយកមកធ្វើការសិក្សាលម្អិត បន្ទាប់ពីការវិភាគលើទិន្នន័យ នៃការដោះស្រាយវិវាទការងារ ដែលក្នុងនោះចំនួន នៃវិវាទការងារបុគ្គលមាន ការកើនឡើងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ផ្អែកលើលក្ខណៈពិសេសនៃវិវាទការងារ ភាគច្រើន នៃវិវាទការងារបុគ្គលតែងតែត្រូវ បានបញ្ចប់ដោយភាគីមិនប្តឹង ទៅតុលាការមានសមត្ថកិច្ចនោះទេ បើទោះបីជាករណីមិនសះជាក៏ដោយ។ ក្នុងន័យនេះ ដើម្បីពង្រឹងប្រសិទ្ធភាព នៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគីវិវាទ ព្រមទាំងកាន់តែធានាបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការបើកឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោះស្រាយទាំងវិវាទការងារបុគ្គល គឺជាដំណោះស្រាយដ៏ប្រសើរ។
ចំណុចទាំង៣ខាងលើនេះ គឺជាចំណុច អាទិភាពដែលក្រុមការងារបានសិក្សា និងរៀបចំដាក់ជូន អង្គសិក្ខាសាលាពិនិត្យ និងពិភាក្សារួមគ្នាដើម្បីទទួលបានការឯកភាពគ្នា ក្នុងការដាក់ចេញនូវដំណោះស្រាយ កាន់តែល្អប្រសើរ ក្នុងការលើកកម្ពស់សិទ្ធិការងារ និងរក្សាបាននូវភាព ប្រកួតប្រជែងរបស់កម្ពុជា។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញឱ្យគ្រប់ភាគី ធ្វើការពិភាក្សាឱ្យបាន ផុសផុលប្រកបដោយវិជ្ជាជីវៈ ក្នុងស្មារតីទទួលខុសត្រូវរួម ដើម្បីធានាបានភាព សុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ទន្ទឹមគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តកិច្ចសហការជាមួយដៃគូសង្គម និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕