នយោបាយ

មេធាវីរាជរដ្ឋាភិបាល ៖ មេធាវីការពារក្តីលោក កឹម សុខា មានចេតនា ដាក់សំណួរ រំលោភនីតិវិធី និងមិនចំកម្មវត្ថុ

ភ្នំពេញ ៖ ក្នុងសវនាការថ្ងៃទី២ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្នុងសំណុំរឿងក្បត់ជាតិ លោក កឹម សុខា លោក គី តិច ដែលជាមេធាវី ខាងរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្រុមមេធាវីការពារក្តីឲ្យ ជនជាប់ចោទ កឹម សុខា បានដាក់សំណួរទៅកាន់អង្គជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ហាក់មិនចំគោលដៅ ពោល គឺបានរំលោភនីតិវិធី និងមិនចំកម្មវត្ថុ ។

ក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់ឲ្យក្រុមមេធាវីការពារ ជនជាប់ចោទដាក់សំណួរក្នុងចន្លោះពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ប៉ុណ្ណោះ ប៉ុន្តែពួកគាត់បានដាក់សំណួរខុសពីការកំណត់ ទើបធ្វើឲ្យមានការខ្វែងគំនិតគ្នា ។

បើតាមគម្រោងសវនាការនេះ ធ្វើឡើងរយៈពេលពេញ២ថ្ងៃតែម្តង គឺចាប់ពីថ្ងៃ១៥-១៦ មករា ប៉ុន្តែសម្រាប់ថ្ងៃទី២ ធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ។ បើតាមលោក គី តិច សវនាការនឹងបន្តទៅថ្ងៃទី២២-២៣ មករា សប្តាហ៍ក្រោយទៀត។

ក្រោយបញ្ចប់សវនាការលើសំណុំរឿង លោក កឹម សុខា នៅព្រឹកថ្ងៃទី១៦ មករា លោក គី តិច បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងសវនាការភាគីនីមួយៗ បានខិតខំប្រឹងប្រែងដើម្បីបង្ហាញភស្តុតាង ។

លោកបន្ដថា ក្នុងដំណាក់កាលសួរដាញដោល ក្រុមប្រឹក្សាជំនុំជម្រះ បានផ្ដល់សិទ្ធិឲ្យតំណាងភាគីនីមួយៗ ដាក់សំណួរនៅចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៧ ព្រោះជាពេលដែលមានបង្ហាញពីទង្វើក្បត់ជាតិលោក កឹម សុខា ដើម្បីកុំឲ្យសួរមានភាពច្របូកច្របល់។

លោកមានប្រសាសន៍ថា «នេះជាឱកាសផ្ដល់ជនជាប់ចោទ (កឹម សុខា) គាត់គិតទាន់ឆ្លើយនឹងសំនួរ របស់ភាគីពាក់ព័ន្ធនៅជុំវិញបញ្ហាទាំងហ្នឹង។ ចំណុចដែលសំខាន់ គឺថានៅក្នុងសវនាការ នាពេលព្រឹកមិញនេះ មានការជជែកគ្នាតឹងតែពាក់ព័ន្ធទៅនឹងការដាក់សំណួរ ។ ភាគីមេធាវីការពារជនជាប់ចោទ ដាក់សំណួរមិនចំកម្មវត្ថុ មិនចំចន្លោះឆ្នាំដែលក្រុមប្រឹក្សាបានកំណត់ពី១៩៩៣ ដល់២០០៧» ។

លោកថា ចេតនារបស់ក្រុមមេធាវី ការពារក្តីលោក កឹម សុខា ដាក់សំណួរមិនចំគោលដៅនេះ ដើម្បីឲ្យសាធារណជនចូលរួម ក្នុងសវនាការយល់ច្រឡំថា អង្គជំនុំជម្រះបិទសិទ្ធិ ពួកគេមិនឲ្យនិយាយ តែជាក់ស្តែងពួកគាត់ពិត ជាបានដាក់សំណួរមិនចំណុចមែន។

បន្ថែមពីនេះ មេធាវីលើកឡើងទៀត ការកំណត់សំណួរពីឆ្នាំ១៩៩៣ ដល់២០០៧ ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់ ក្នុងការអនុវត្តសវនាការ ដើម្បីឲ្យជនជាប់ចោទមានស្មារតីត្រៀមឆ្លើយទៅភាគីពាក់ព័ន្ធ។

ជារឿយៗសហមេធាវីលោក កឹម សុខា អះអាងថា សំណុំរឿងលោក កឹម សុខា ជារឿងនយោបាយ ប៉ុន្តែលោក គី តិច បញ្ជាក់ថា គឺជាបទល្មើសព្រហ្មទណ្ឌ មិនមែនរឿងនយោបាយទេ កុំយល់ច្រឡំ ។
ក្រោយមានការលើកឡើង របស់លោកថា មានប្រទេស៩ គឺ យូហ្គោស្លាវី សែរប៊ី អូស្រ្តាលី អាមេរិក កាណាដា អឺរ៉ុប តៃវ៉ាន់ ឥណ្ឌូនេស៊ី និងឥណ្ឌា ជាប់ពាក់ព័ន្ធរឿងក្បត់ជាតិ លោក កឹម សុខា នោះ លោកមេធាវី គី តិច បានបដិសេធ គឺមិនមែនមានន័យចឹងទេ ។

នៅថ្ងៃដំបូងនៃសវនាការ មុនចូលទៅបំភ្លឺ លោក កឹម សុខា បានថ្លែងថា លោកចង់បានយុត្តិធម៌ពិតប្រាកដ និងដោះស្រាយបានឆាប់រហ័ស ដើម្បីមានឱកាសចូលរួមដោះស្រាយបញ្ហាប្រទេសជាតិ។

ក្នុងពេលកំពុងដំណើរការសវនាការ នៅថ្ងៃដំបូងដដែលនោះ លោក កឹម សុខា បង្ហាញសារក្នុងហ្វេសប៊ុក បដិសេធយ៉ាងដាច់អហង្ការថា លោកមិនប្រព្រឹត្តដូចការចោទប្រកាន់ ដោយសុំឲ្យតុលាការទម្លាក់ បទចោទប្រកាន់ចោលវិញជាស្ថាពរ ព្រោះសកម្មភាពទាំងអស់របស់លោកគឺផ្តោតលើសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយអហិង្សា និងសន្តិវិធី ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

លោកបានលើកឡើងក្នុងហ្វេសប៊ុកថា “ខ្ញុំបដិសេធទាំងស្រុងនូវការចោទប្រកាន់មកលើរូបខ្ញុំ ពីបទសន្ទិដ្ឋិភាពជាមួយ បរទេស។ ខ្ញុំមិនបាននាំរដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមកប្រទូសរ៉ាយ ឬឈ្លានពាន ព្រះរាជាណាចក្រកម្ពុជាឡើយ។ខ្ញុំមិនបានប្រព្រឹត្តដូចការចោទនេះទេ ជាពិសេសខ្ញុំមិនបានប្រព្រឹត្តនូវអំពើទាំង ឡាយណាដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិឡើយ” ។

ជាមួយគ្នានេះដែរ លោក សម រង្ស៊ី ក៏បានស្នើប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសរួមគ្នាជាធ្លុងមួយ ដើម្បីទាមទារឲ្យមានការទំលាក់បទចោទប្រកាន់មកលើលោកកឹម សុខា ។

ក្រោយបញ្ចប់ដំណើរការសវនាការ កាលពីថ្ងៃ១៥ មករា លទ្ធផលបង្ហាញថា លោក កឹម សុខា ទទួលស្គាល់សំឡេង និងរូបភាពរបស់លោក បង្ហាញពីការនិយាយ អំពីការបង្រៀនដល់ពលរដ្ឋពីបដិវត្តន៍ តែយ៉ាងណា លោកស្នើឲ្យមានការចាក់ផ្សាយវិដេអូពេញ ដែលមានរយៈពេលជាងមួយម៉ោង ព្រោះលោកជឿថា វិដេអូជាង១០នាទីដែលចោទថា លោកក្បត់ជាតិនោះ មានការកាត់តជាកង់ៗ។

ឈានចូលថ្ងៃទី២ សវនាការសំណុំរឿងលោក កឹម សុខា ភ្ជាប់ជាមួយការរឹតបន្តឹងសន្តិសុខពេញបរិវេណតុលាការ ខណៈបាតុភាពទូទៅថ្ងៃទី១មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ពោលគឺ ដំណើរការនីតិវិធី ដើរដោយរលូន គ្មានការរារាំង ឬរាំងស្ទះអ្វីឡើយ ។

ជុំវិញដំណើរការនៃការបើកសវនាលោកកឹម សុខា អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានលើកឡើងថា លោក កឹម សុខា ត្រូវឃុំឃាំងទាំងនៅក្នុងពន្ធនាគារ និងក្នុងផ្ទះសរុបអស់រយៈពេលជាង២ឆ្នាំ គឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុករបស់ម.ស.ម.ក ។
ចំណែក លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) បានជូនពរ និងបង្ហាញក្តីសង្ឃឹមថា លោក កឹម សុខា នឹងមានសេរីភាពពេញលេញឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់កម្ពុជាទាំងមូល។

លោកបន្តថា ដល់ពេលវេលាហើយ ដែលអ្នកដឹកនាំនយោបាយខ្មែរចេះធ្វើការរួមគ្នា ដោយទទួលស្គាល់ នូវទស្សនៈផ្សេងគ្នា ដើម្បីកសាងសករាជនយោបាយថ្មីមួយ ទុកឲ្យកូនខ្មែរជំនាន់ក្រោយ។ ខ្មែរមិនអាចដើរចេញពីឥទ្ធិពល បរទេសបានទេ បើខ្មែរនៅតែប្រកាន់គ្នានិងបែកបាក់។

សូមរំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធ អំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ យកលំនាំតាមប្រទេសយូហ្គោស្លាវី និងសែរប៊ី ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ។ ទើបបញ្ជូនមកឃុំខ្លួនក្នុងផ្ទះវិញ រហូតមកដល់ថ្ងៃបើកសវនាការជំនុំជម្រះនេះ ៕ ដោយ អេង ប៊ូឆេង

To Top