នយោបាយ

សម្តេចតេជោ នឹងសួរមនុស្សម្នាក់ ចោទកម្ពុជាថា បានចាប់ខ្លួន មនុស្ស៧០០នាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងសួរទៅមនុស្ស ដែលបានចោទប្រកាន់កម្ពុជាថា បានចាប់ខ្លួនមនុស្ស៧០០នាក់ ដែលល្មើសនឹងច្បាប់កូវីដ១៩ អំឡុងពេលកម្ពុជា កំពុងផ្ទុះកូវីដធ្ងន់ធ្ងរ កាលពីជាងមួយឆ្នាំមុន ។

បើតាមសម្តេចតេជោ មនុស្សម្នាក់ ដែលចោទកម្ពុជានោះ គឺជាជនបរទេស ដែលជឿតាមការផ្សព្វផ្សាយ របស់សារព័ត៌មានបរទេសមួយចំនួន ដែលគេមិនព្រមជឿលើអ្វី ជាក់ស្តែងរបស់កម្ពុជា ។ សម្តេចថា មនុស្សម្នាក់នោះក៏បានធ្វើការជាមួយកម្ពុជាផងដែរ តែគេមិនមកសួរកម្ពុជាផ្ទាល់ទេ តែបែរជាមកជឿលើការចុះផ្សាយ របស់ព័ត៌មានទៅវិញ។ សម្តេចថា តើមានមនុស្ស៧០០នាក់ឯណាថា បានចាប់ខ្លួននោះ? ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

សម្តេចតេជោគូសបញ្ជាក់ថា “ខ្ញុំកំពុងតែត្រៀមសួរជាមួយមនុស្សម្នាក់ ដែលនឹងជួបខ្ញុំប៉ុន្មានថ្ងៃខាងមុខ (ខែ៧) ថាពេលកូវីដចាប់មនុស្ស៧០០នាក់ ។ ខ្ញុំនឹងសួរគាត់ថា អ្នកឯងបានព័ត៌មានមកពីណា ព្រោះកាលពីជួបខ្ញុំតាមវិដេអូខនហ្វើរិន អ្នកឯងនិយាយម្តងហើយ ខ្ញុំក៏កែតម្រូវ ប៉ុន្តែពេលនៅហ្សឺណែវ អ្នកឯងនិយាយទៀត ។ បើអ្នកថា ទទួលបានតាមព័ត៌មាន ខ្ញុំនឹងចង្អុលមុខអ្នកឯងថា អ្នកឯងមិនទាន់ ចេះធ្វើការទេ”

សម្តេចក៏បានចោទជាសំណួរបន្តថា តើមានមនុស្ស៧០០នាក់មកពីណាដែលថា កម្ពុជាចាប់ខ្លួននោះ ។ សម្តេចថា ធ្វើការជាមួយគ្នា ហេតុអ្វីមិនមកសួរនាំផ្ទាល់ទៅ ចាំបាច់អ្វីទៅជឿការចុះផ្សាយព័ត៌មាន ។ សម្តេចបញ្ជាក់ត្រឡប់ទៅវិញថា សម្តេចក្នុងនាមជាកម្ពុជា មិនរណបនឹងអ្នកណានោះទេ។

សម្តេចតេជោក៏បង្ហាញការយល់ឃើញ ចង់ឲ្យអ្នកដែលតិះតៀនកម្ពុជានោះ បូកសរុបលទ្ធផលចំណុចល្អ និងអាក្រក់របស់កម្ពុជា ។ សម្តេចថា ដោយសារកម្ពុជាមិនទាន់ល្អឥតខ្ចោះហ្នឹងហើយ បាននិងកំពុងកែទម្រង់។ អ្នកខ្លះមើលមកកម្ពុជាថា ជាឋាននរកសុទ្ធសាធតែម្តង៕

To Top