ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យអភិបាលខេត្តជុំវិញបឹងទន្លេសាប ដោះស្រាយដី ដែលប៉ះពាល់ប្រជាពលរដ្ឋ រស់នៅតាំងពីដើម ត្រូវឆ្វៀលទុកឲ្យប្រជាពលរដ្ឋ កាន់កាប់។
ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ បានលើកឡើងថា «ឥឡូវសាររបស់ខ្ញុំបានបញ្ជូនទៅហើយ ត្រូវធ្វើស្រូត និងត្រូវមានការទទួលខុសចំពោះ ប្រជាពលរដ្ឋរបស់ខ្លួន និងចំពោះមុខការគង់វង្សទន្លេសាប។ ប្រជាជនរស់នៅតជំនាន់ នៅក្នុងបឹងទន្លេសាបហើយ ដាក់ពួកគាត់នៅក្នុងតំបន់៣ទាំងអស់” ។
សម្តេចតេជោថា បើគាត់ធ្លាប់រស់នៅតំបន់តាំងពីយូរមកហើយ ហើយដាក់គាត់នៅតំបន់៣ ដែលជាតំបន់ហាមឃាត់ មានន័យថាខុសហើយ។ សម្តេចថា «អីចឹងបានអនុក្រឹត្យ ដែលចុះហត្ថលេខាទាំងប៉ុន្មាន គឺខុសទាំងអស់ ។ ឲ្យធ្វើអនុក្រឹត្យទឹកឡើង ដល់ណាបឹងទន្លេសាបដល់ហ្នឹង ។ ចំណុចនេះធ្វើឲ្យស្លាប់ប្រជាជនហើយ ព្រោះគាត់កំពុងធ្វើស្រែប្រាំង ដល់ខ្ញុំស៊ីញ៉េអនុក្រឹត្យសុទ្ធតែស្រែប្រាំង របស់ប្រជាជន» ។
សម្តេចថា ទន្លេសាប ជាពិសេសនៅកោះជីវាំង ស្រុកឯកភ្នំ ដែលពីមុនបានធ្វើសាលារៀន ឲ្យពួកគាត់ ហើយនាំគ្នាដាក់កន្លែងចូលតំបន់៣ ។ សម្តេចតេជោបន្តថា “អីចឹងអស់លោកដែលជាទឹកដី របស់ខ្លួនត្រូវដោះស្រាយរឿងហ្នឹង កុំធ្វើឲ្យប្រជាជនខឹង។
ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ធ្វើយ៉ាងណាកុំធ្វើតាមអនុសាសន៍តាមការស្នើរបស់អង្គការណាមួយចំពោះប្រជាពលរដ្ឋឲ្យសោះ។ កន្លងមកទាមទារឲ្យដាក់ ជុំវិញបឹងទន្លេសាប និងភ្នំក្រវ៉ាញទាមទារអី«…»តែខ្ញុំថាអត់ទេ។ សម្តេចបានស្នើឲ្យអភិបាលខេត្ត នៅជាប់បឹងទន្លេសាបទាំងអស់ ត្រូវធ្វើការងារជូនប្រជាជន ដោយតំបន់២ខ្លះ ត្រូវកាត់ចូលក្នុងតំបន់១ ហើយតំបន់៣ខ្លះកាត់ទៅជាតំបន់២ ។
សម្តេចតេជោ ក៏បានដាស់តឿន អភិបាលថា ត្រូវធ្វើឲ្យបានដោយកុំឲ្យមានបញ្ហា កុំឲ្យប្រជាពលរដ្ឋថា សន្យាមុនបោះឆ្នោតធ្វើ តែក្រោយបោះឆ្នោតមិនធ្វើ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ដីដែលរឹបអូសពីអ្នកកាន់កាប់ថ្មីៗ បានដាំដើមឈើរួចហើយ ត្រូវបន្តដាំនិងរក្សាវាឲ្យបានល្អ និងកុំឲ្យមានការទន្ទ្រានបន្ថែម ៕