ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសង្ឃឹមថា នឹងមានអ្នកវិនិយោគជប៉ុន កាន់តែច្រើនមករកស៊ីនៅ ខេត្តបាត់ដំបងខណៈ កម្ពុជា-ជប៉ុន មានទំនាក់ទំនងគ្នា យ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក TOKIHIRO NAKAMURA អភិបាលខេត្ត EHIME នៃប្រទេសជប៉ុន នៅរសៀល ថ្ងៃ ទី ១៦ ខែមករា ឆ្នាំ ២០២០ សម្ដេច ស ខេង បានថ្លែងថា ខេត្ត EHIME បានទំនាក់ទំនងយ៉ាងល្អជាមួយខេត្តបាត់ដំបង ដោយបង្កើតទំនាក់ទំនងរវាងថ្នាក់ដឹកនាំខេត្ត និងខេត្ត និងរវាងធុរជន និងធុរជន ។
សម្ដេច មានប្រសាសន៍ថា “តាមរយៈទំនាក់ទំនងដ៏ល្អនេះ មានក្រុមហ៊ុនជប៉ុន បានមកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តបាត់ដំបង ។ ហើយសង្ឃឹមថា នឹងមានការវិនិយោគពីជប៉ុន មកខេត្តបាត់ដំបងកាន់តែច្រើនទៀត”។
ចំណែក លោក TOKIHIRO NAKAMURA បានឲ្យដឹងថា ជប៉ុនចាប់អារម្មណ៍ណាស់ចំពោះខេត្តបាត់ដំបង ជាខេត្តធំ មានសក្ដានុពលដល់ដំណាំកសិកម្ម និងជាខេត្តជាប់ព្រំដែនមួយដែលមានក្រុមហ៊ុនជប៉ុន កំពុងវិនិយោគស្រាប់៕ដោយ អេង ប៊ូឆេង