ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្លាំងនគរបាល ត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ និងសីលធម៌ល្អ ដើម្បីប្រែក្លាយខ្លួន ជាមន្រ្តីនគរបាល របស់ប្រជាពលរដ្ឋ។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល បឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា ទោះបីមានកម្លាំងប៉ុន្មានក៏ដោយ ក៏មិនអាចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បានល្អដែរ បើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ។
សម្ដេចមានប្រសាសន៍ថា «នគរបាលយើងត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដូចដែលក្មួយៗ ប្អូនៗបានសិក្សានេះ គឺនោះហើយជាចំណេះវិជ្ជា ចំណេះដឹងដែលយើងត្រូវប្រកាន់ខ្ជាប់ ពេលយើងបំពេញបេសកកម្ម ដើម្បីប្រែក្លាយខ្លួនយើងជាមន្រ្តី នគរបាលរបស់ប្រជាពលរដ្ឋ ពលរដ្ឋមិនខ្លាចញញើតយើង ពលរដ្ឋគាត់ស្រលាញ់ ជឿទុកចិត្ត និងផ្ដល់កិច្ចសហការជាមួយយើង» ។
នាឱកាសនោះ សម្ដេច ស ខេង ក៏បានណែនាំឲ្យបណ្ឌិត្យសភានគរបាលកម្ពុជា ខិតខំបន្តសិក្សាស្រាវជ្រាវ ដើម្បីផ្ដួចផ្ដើមគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំគ្រប់គ្រង និងអនុវត្តកំណែទម្រង់នគរបាលជាតិ តាមផែនការ ជាពិសេសខិតខំតាមដានស្រាវជ្រាវ ចំពោះបទល្មើសថ្មីៗ ដែលបានកើតឡើងក្នុងប្រទេស តំបន់ និងសាកលោក ដើម្បីឲ្យបានដឹង និងដកពិសោធន៍ធ្វើជាមេរៀនបង្រៀន ដល់សិក្ខាកាម និងសិស្សនគរបាល ទាំងទ្រឹស្ដី និងការអនុវត្ត ព្រមទាំងបន្តការសហការបណ្ដុះបណ្ដាលមន្រ្តីនគរបាលក្របខណ្ឌថ្មី មន្រ្តីនគរបាល នៅមិនទាន់បានរៀន និងមន្រ្តីផ្ទេរក្របខណ្ឌចូលនគរបាលជាតិ ៕