ព័ត៌មានអន្តរជាតិ

វីរុសសួតថ្មីនៅចិន ដែលសម្លាប់មនុស្សម្នាក់ ឆ្លងដល់ប្រទេសជប៉ុន

តូក្យូ៖ ប្រទេសជប៉ុន បានបញ្ជាក់ពីករណីដំបូង នៃការឆ្លងពីវីរុសថ្មីនៅប្រទេសចិន ដែលបានសម្លាប់មនុស្សម្នាក់ និងជំរុញឱ្យមានការព្រមាន អំពីការធ្វើដំណើរ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមក្រសួងសុខាភិបាលជប៉ុន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ដែលមានអាយុជាង ៣០ ឆ្នាំមកពីខេត្ត កាណាហ្គាវ៉ា ជាប់នឹងទីក្រុងតូក្យូ ត្រូវបានគេធ្វើតេស្ត៍វិជ្ជមាន ជាមួយនឹងវីរុសប្រភេទថ្មីនេះ។ ប្រភពដដែលបានបន្តទៀតថា បុរសនោះបានទៅទីក្រុង វូហាន ប្រទេសចិន ដែលជាកន្លែងមានការផ្ទុះឡើងនៃវីរុសការ៉ូណា ដែលត្រូវបានគេជឿថា បណ្តាលមកពីវីរុសថ្មីនេះ។

ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីជូនដំណឹង ស្តីពីការជូនដំណឹងអំពីសុខភាព កាលពីថ្ងៃពុធ អំពីការធ្វើដំណើរទៅកាន់តំបន់វូហាន ក្នុងប្រទេសចិន។ ក្រសួងបានយោងការព្រមាន នៃការឃ្លាំមើលកំរិត ១ ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺសហរដ្ឋអាមេរិក ជំរុញឱ្យពលរដ្ឋធ្វើដំណើរ ក្នុងតំបន់ជៀសវាងការ ទាក់ទងជាមួយសត្វ , សត្វលក់នៅលើទីផ្សារ ឬផលិតផលសត្វ ក្នុងចំណោមការប្រុងប្រយ័ត្នផ្សេងទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top