ព័ត៌មានជាតិ

ឆ្នាំ២០១៩ អ្នកស្លាប់ ដោយគ្រោះថ្នាក់ ចរាចរណ៍ជិត២ពាន់នាក់

ភ្នំពេញ ៖ ក្នុងរយៈពេលពេញ ១ឆ្នាំ២០១៩ មានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ចំនួន ១៩៨១នាក់ និងរងរបួសចំនួន ៦១៤១នាក់ ។ នេះបើយោងតាមរបាយការណ៍ ស្ដីពី គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ។

របាយការណ៍បានឲ្យដឹងទៀតថា ចំនួនមនុស្សស្លាប់២០១៩ កើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់ ។ ចំណែកអ្នករង របួសចំនួន៦១៤១នាក់ កើនជាងឆ្នាំ២០១៨ ចំនួន១៣៧១នាក់ ។

ក្រោយបញ្ចប់ប្រជុំបូក សរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នាថ្ងៃ១៦ មករា នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និង ជាអនុប្រធានអនុគណៈកម្មការទី២ នៃ គ.ស.ច.គ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ឆ្នាំ២០១៩សកម្មភាពចរាចរណ៍ មានភាពមមាញឹកខ្លាំង ដែលកំណើនយាន្តយន្តមានការកើនដល់៣៧%។

លោកបន្ដថា ដោយសារប្រទេសជាតិ មានការអភិវឌ្ឍ និងសេដ្ឋកិច្ចរីកចំរើនដូច្នេះទើបធ្វើឲ្យមានការកើនឡើង អត្រាគ្រោះថ្នាក់ចរាចរណ៍២៦% និងចំនួនអ្នកស្លាប់កើនឡើងចំនួន២២០នាក់ ស្មើ១២% និងចំនួនអ្នករបួសកើនឡើង២៩% បើប្រៀបធៀបជាមួយឆ្នាំ២០១៨។

លោករៀបរាប់ថា កត្តានាំឲ្យកើនឡើង គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ កំណើនយានយន្ត , កត្តាមនុស្ស និងស្មារតីគោរពច្បាប់នៅមានកម្រិត , កតា្តសត្យានុម័តដោយសារកំណើនយានយន្ត មានល្បឿនលឿន ជាងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ , ផ្លូវថ្នល់អភិវឌ្ឍន៍មិនទាន់មានតុល្យភាពជាមួយ កំណើន ហើយការគ្រប់គ្រងផ្លូវថ្នល់ ចិញ្ចើមផ្លូវ និងទ្រូងផ្លូវមិនទាន់បានល្អម៉ត់ចត់នៅឡើយ និងធ្វើឲ្យផ្លូវចង្អៀត ពិបាកចរាចរណ៍ជាដើម ៕ ដោយ ៖ អេង ប៊ូឆេង

To Top