ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន តបទៅនារីអ្នកកាសែតម្នាក់ ប្រកាសឈប់ចូលរួម ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី

ភ្នំពេញ ៖ ក្រោយឃើញសាររបស់នារីម្នាក់ បង្ហោះក្នុងហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ប្រកាសឈប់ចូលរួម ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ទៀត ដោយរិះគន់ថា មិនបានផ្តល់ឲ្យអ្នកសារព័ត៌មាន លើកឡើងពីកង្វល់ដែលបានជួបប្រទះនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានតបទៅវិញថា គឺនាយករដ្ឋមន្រ្តី បានទទួលយកសំណូមពរ របស់អ្នកកាសែត តាមរយៈក្រសួព័ត៌មាន ។

នារីដែលប្រកាស មិនចូលរួមក្នុងវេទិកា ជាមួយនាយករដ្ឋមន្រ្តីមាន អាខោនហ្វេសប៊ុក Ly Na ដោយនាងនិយាយថា “ឆ្នាំក្រោយខ្ញុំសុំមិនចូលរួមបាយសាមគ្គីជាមួយនាយករដ្ឋមន្រ្តី មិនមែនខ្ញុំប្រឆាំងនឹងការណាត់ជួបជាមួយទេ តែមិនបានឲ្យអ្នកកាសែតបានផ្តល់ព័ត៌មាន ពីសុខទុក្ខ និងភាពបិទបាំងរបស់មន្រ្តីថ្នាក់ក្រោមទៅរដ្ឋាភិបាល” ។

លោក ខៀវ កាញារីទ្ធ លើកឡើងក្នុងហ្វេសប៊ុកនៅព្រឹកថ្ងៃ១៧ មករា ថា ជាធម្មតាលោកមិនតបសារមនុស្ស ដែលនិយាយខុសរឿងតែឯងនោះទេ តែដោយឃើញសារនារីម្នាក់និយាយរិះគន់ដល់ការជួបជុំរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី ១៤ មករា ២០២០ ដោយចាត់ថា ជាការមិនបើកឲ្យមានការជជែកពិភាក្សា ដឹងពីសុខទុក្ខអ្នកកាសែត លោកគិតថា អ្នកនិយាយប្រហែលមិនសូវទៅធ្វើការ ឬ ក៏អង្គភាពនោះមានប្រព័ន្ធជូនដំណឹងផ្ទៃក្នុងមិនល្អ ។

លោកថា នៅមុនពេលជួបជារៀងរាល់ឆ្នាំ សមាគមអ្នកកាសែត តែងពិគ្រោះគ្នាលើកពីចំណុចដែលត្រូវដាក់ជូននាយករដ្ឋមន្ត្រីសំរេច ហើយក្រសួងព័ត៌មាន ពិនិត្យពីចំណុចណាដែលគួរដាក់ ដើម្បីសម្តេចនាយករដ្ឋមន្ត្រី សំរេចជាគោលការណ៍ គឺនិយាយពីរឿងព្រៃ មិននិយាយពីដើមឈើទេ ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “នៅក្នុងឆ្នាំនេះ បញ្ហាដែលលើកឡើង គឺកិច្ចការពារអ្នកកាសែត នៅចំពោះមុខច្បាប់ និងសំណូមពរអ្នកកាសែតចង់ មានប្រព័ន្ធសន្តិសុខសង្គម នៅពេលពួកគេមានជំងឺដង្កាត់ផ្សេងៗ ។ ដោយប្រព័ន្ធ ប.ស.ស. មាននីតិវិធីច្បាស់លាស់ហើយ ក្រសួងមានគំរោង បើកសិក្ខាសាលាមួយជូនអ្នកកាសែត ដោយអញ្ជើញតំណាងក្រសួង សង្គមកិច្ចមកពន្យល់ ហេតុនេះនៅសល់តែរឿង ការពារអ្នកកាសែតនៅចំពោះការប្តឹងផ្តល់នានា” ។

ចំពោះសំណូមពរនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ដោះស្រាយឲ្យនៅថ្ងៃទី ១៤ មករា នោះហើយ តែប្រហែលអ្នករិះគន់នោះ រវល់តែវ៉ែកជជែកគ្នាបានជាមិន ឮឬយ៉ាងណា ?៕

To Top