ព័ត៌មានជាតិ

កូនដំរី១ក្បាល ងាប់នៅក្នុងទឹកអូរលាវ ជាប់ព្រំប្រទល់ ខេត្តរតនគិរី-មណ្ឌលគិរី

ភ្នំពេញ ៖ ប្រជានេសាទបានប្រទះ ឃើញសាកសពសត្វដំរី១ក្បាល បានងាប់នៅក្នុងទឹកក្នុងអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងមណ្ឌលគិរី ដោយមិនទាន់ដឹងមូលហេតុ និងមានសភាពស្អុយរលួយទៅហើយ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា «បើតាមការសាកសួរពីអ្នកភូមិ បានរៀបរាប់ថា ប្រហែលជាង១០ថ្ងៃមុនមានដំរីប្រមាណពី ២០ ទៅ៣០ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ ដើមឬស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរីវិញ បន្ទាប់មកក៏លឺថា មានកូនដំរីស្លាប់»។

សូមរំលឹកថា កូនដំរី១ក្បាល ងាប់នៅក្នុងទឹកអូរលាវក្រុមការងារពិបាក នឹងយកមករក្សាទុក ដោយស្ថានភាពពិបាក ក្នុងការដឹកជញ្ជូន ក្រុមការងារ នឹងអូសដំរីមកកប់នៅដីក្បែរមាត់អូរសិន ដើម្បីទុកឲ្យសាច់រលួយ ទើបអាចប្រមូលឆ្អឹងជាក្រោយ ៕

ដោយ ៖ អេង ប៊ូឆេង

To Top