ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា គ្រោងឆ្អឹងកូនដំរី១ក្បាលដែលងាប់ក្នុងទឹកអូរលាវ ជាប់ព្រំប្រទល់ ខេត្តរតនគិរី-មណ្ឌលគិរី នាពេលថ្មីៗនេះ នឹងយកមកធ្វើជារូបសំណាក ដើម្បីទុកឲ្យប្រជាពលរដ្ឋទស្សនា។
ថ្មីៗនេះ ប្រជានេសាទបានប្រទះឃើញ សាកសពសត្វដំរី១ក្បាល បានងាប់នៅក្នុងទឹកអូរលាវ ដោយមិនទាន់ដឹងមូលហេតុ និងមានសភាពស្អុយរលួយ។
លោក នេត្រ ភក្ត្រា បានលើកឡើងក្នុងតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ថា «ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន ក្រុមការងារពិបាក នឹងយកសពកូនដំរីមករក្សាទុក។ ក្រុមការងារ បានសម្រេចអូសសាកសពកូនដំរី មកកប់នៅដីក្បែរមាត់អូរសិន ដើម្បីទុកឲ្យរលួយសាច់ ទើបអាចប្រមូលឆ្អឹង មកធ្វើជារូបសំណាកជាក្រោយ»។
លោកបន្ដថា រហូតមកទល់ពេលនេះ មិនទាន់ដឹងមូលដ្ឋានពិតប្រាកដ នៃការស្លាប់របស់កូនដំរីព្រៃ ប៉ុន្តែតាមការសន្និដ្ឋានជំហានដំបូង កូនដំរីព្រៃនេះអាចស្លាប់ដោយការលង់ទឹក។ បើតាមការពិនិត្យ សាកសពសត្វដំរី មិនមានស្លាកស្នាមរបួស អ្វីគួរឲ្យកត់សម្គាល់ទេ ដែលអាចសន្និដ្ឋានថា អាចស្លាប់ ដោយមូលហេតុអ្វីឡើយ អ្វីដែលកត់សម្គាល់គឺ ជើងក្រោយរបស់កូនដំរីបាក់ សង្ស័យថា អាចត្រូវបានគៀបនឹងល្បាក់ថ្ម ព្រោះ អូរលាវ មានអន្លង់ជ្រៅៗ និងមានល្បាក់ថ្មច្រើន។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានសត្វដំរីព្រៃជាង ៥០០ ក្បាល ក្នុងនោះ តាមការសិក្សាសត្វដំរីព្រៃ ក្នុងដែនជម្រក សត្វព្រៃកែវសីមា មាន ១១០ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញជិត ២០០ក្បាល និងរស់នៅក្នុងតំបន់ការពារធម្មជាតិនានា របស់កម្ពុជាផ្សេងទៀត៕
ដោយ៖ អេង ប៊ូឆេង