ព័ត៌មានអន្តរជាតិ

ជនស៊ីវិល ១៣២នាក់ ត្រូវបានសម្លាប់ នៅភាគកណ្ដាលប្រទេសម៉ាលី

បាម៉ាកូ ៖ សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទដោយរដ្ឋាភិបាល ម៉ាលី បានឱ្យដឹងថា ជនស៊ីវិលសរុបចំនួន ១៣២នាក់ ត្រូវបានសម្លាប់ នៅក្នុងភូមិចំនួន៣ នៅក្នុងឃុំជនបទនៃទីក្រុង Bankass នៅកណ្តាល ប្រទេសម៉ាលី។

យោងតាមអាជ្ញាធរម៉ាលី ប្រជាជនសន្តិភាព នៃភូមិ Diallassagou, Dianweli, ភូមិ Deguessagou និងតំបន់ជុំវិញនៅក្នុងឃុំជនបទ Bankass គឺជាកម្មវត្ថុ នៃការវាយប្រហារដ៏ព្រៃផ្សៃ នៅយប់ថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនល្មើសជាច្រើននៃការសម្លាប់រង្គាល ត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការ ដែលជាផ្នែកមួយ នៃក្រុមអ្នកប្រយុទ្ធ Katiba Macina នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

រដ្ឋាភិបាលម៉ាលី ថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារទាំងនេះ ហើយសន្យាថា នឹងចូលរួមគ្រប់មធ្យោបាយចាំបាច់ ដើម្បីស្វែងរកជនល្មើស និងនាំពួកគេមកកាត់ទោស ។

ប្រទេសម៉ាលី បានប្រឈមមុខនឹងវិបត្តិសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ២០១២ មក ដោយមានការបះបោរ ការលុកលុយរបស់ពួកជីហាដ និងអំពើហឹង្សាអន្តរសហគមន៍ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់សែននាក់ផ្សេងទៀត ផ្លាស់ទីលំនៅនៅក្នុង ប្រទេសអាហ្វ្រិកខាងលិច៕

ប្រែសម្រួល ឈូក បូរ៉ា

To Top