ព័ត៌មានជាតិ

កសិករ ស្នើសុំកិច្ចអន្តរាគមន៍ ដោះស្រាយជាបន្ទាន់ ពីរាជរដ្ឋាភិបាល ខណៈតម្លៃផ្លែស្វាយធ្លាក់ចុះ យ៉ាងគំហុកមិនធ្លាប់មាន ក្នុងរយៈពេល ជាង១០ឆ្នាំមកនេះ

ភ្នំពេញ ៖ ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា លោក អ៊ិន ឆៃវ៉ាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ស្ថានភាពផ្លែស្វាយ នៅតែបន្តប្រឈម នឹងបញ្ហាតម្លៃធ្លាក់ចុះ រហូតដល់មួយគីឡូក្រាមតម្លៃ៤០០ ទៅ៥០០រៀល ដែលជាតម្លៃមួយមិនធ្លាប់មាន ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ។

តាមរយៈសមាគម សហព័ន្ធស្វាយកម្ពុជា ប្រជាកសិករ ជាអ្នកផលិត បានស្នើសុំឲ្យមន្រ្តីជំនាញ ចាត់វិធានការជាបន្ទាន់ ទប់ស្កាត់ការធ្លាក់ចុះតម្លៃផ្លែស្វាយ យ៉ាងគំហុកនេះ ឲ្យបានទាន់ពេលវេលា ។

ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា លោក អ៊ិន ឆៃវ៉ានបានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលថា ផ្លែស្វាយកែវរមៀតខៀវ ឬស្វាយក្រៅកញ្ចប់ តម្លៃក្នុងចំការ នៅសល់ ៤០០រៀល ទៅ៥០០រៀល ក្នុងមួយគីឡូក្រាមជាតម្លៃ ដែលមិនធ្លាប់ជួបក្នុងកំឡុងខែធ្នូ គឺរយៈពេល១០ឆ្នាំមកហើយ ទើបមានម្តងនេះទេ។

ប្រធានប្រតិបត្តិសមាគមសហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងបន្ថែមថា រោងចក្រខ្លះបន្តទិញ ៧០០រៀល ទៅ៨០០រៀល តម្លៃដឹកដល់រោងចក្រហើយ ក៏មានរោងចក្រចិន មួយចំនួន បានទិញចូលក្នុងតម្លៃ១១០០រៀល ក្នុងមួយគីឡូក្រាមផងដែរ ក៏ប៉ុន្តែតម្លៃទៅដល់ឈ្មួញផ្គត់ផ្គង់ គឺបានត្រឹម៨០០រៀលដដែល ព្រោះក្រុមមេការចិន ស៊ីដាច់អស់៣០០រៀល ក្នុងមួយគីឡូក្រាមបាត់ ទៅហើយ។ ចំណែកផ្លែស្វាយកែវរមៀតលឿង ឬស្វាយខ្ចប់ តម្លៃកុងត្រាកាលពី៤៥ថ្ងៃមុន(ពេលចូលខ្ចប់ក្នុងចំការ) ២៣០០រៀលក្នុងមួយគីឡូក្រាម ដល់ថ្ងៃប្រមូលផល សល់ត្រឹម១៤០០រៀល ឈ្មួញប្រាប់ថាទីផ្សារចិនមិនស៊ី ។ ការចំណាយខ្ពស់ ទឹកភ្នែកកសិករហូរលែង ចេញហើយ ព្រោះការផលិតឆ្នាំនេះគឺលំបាកជាងរាល់ឆ្នាំ ហើយការទទួលផល ក៏ធ្លាក់ចុះយ៉ាងច្រើនផងដែរ។

តាមការអង្កេត របស់សមាគមសហព័ន្ធស្វាយកម្ពុជា កត្តាចំបង ដែលធ្វើឲ្យតម្លៃ ផ្លែស្វាយកែវរមៀត ធ្លាក់ចុះយ៉ាងគំហុកដូច្នេះ គឺបណ្តាលមកពីមានក្រុមឈ្មួញ កណ្តាលឬឈ្មួញអនាធិបតេយ្យ តែងតែបន្តសកម្មភាពក្រឡុក តម្លៃតាមចំការ ។ ក្រុមនេះបំរើការឲ្យពួករោងចក្រ និងក្រុមឈ្មួញចិន ថៃ និងវៀតណាម ក្នុងការជាន់ បន្ទាបតម្លៃតាមចំការ ។ ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងបន្តថា ប្រសិនបើមានក្រសួងជំនាញ ឬមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់ ដោយសហការ ជាមួយសមាគមសហព័ន្ធនោះ ពិតជាល្អណាស់ ដើម្បីការពារស្ថេរភាពទីផ្សារ ជូនបងប្អូនប្រជាកសិករ ដែលជាក្រុមផលិត៕

To Top