ភ្នំពេញ ៖ លោកស្រី អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគីចប់អាណត្តិប្រចាំនៅកម្ពុជា បានថ្លែងប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ការចាកចេញពីកម្ពុជា ដែលលោកស្រីបំពេញបេសកកម្ម អស់រយៈប៉ុន្មានឆ្នាំកន្លងមកនេះ ប្រៀបបីដូចជាការចាកចេញពីផ្ទះ ដែលកំពុងតែរស់នៅ ។
ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ នាព្រឹកថ្ងៃ២៣ មិថុនានេះ លោកស្រី អាយដា អ៊ុនលូ បានថ្លែងអំណរគុណ សម្តេចតេជោ បានផ្ដល់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ជូន។
លោកស្រី អាយដា បានប្រាប់សម្ដេចតេជោថា រយៈពេលជាង៤ឆ្នាំ នៃបេសកកម្មនៅកម្ពុជា ទោះបីជំងឺកូវីដ-១៩ បានរាតត្បាតពិភពលោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏លោកស្រីបានធ្វើការមួយចំនួន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងទាំងពាណិជ្ជកម្ម និងទាំងនយោបាយរវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀបចំ ដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ទៅកាន់តួកគី និងទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់តួកគីជាបន្តបន្ទាប់ទៀត។
លោកស្រីបញ្ជាក់ថា «លោកស្រីពិតជាមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញបេសកកម្ម នៅកម្ពុជា ដើម្បីបានបម្រើទាំងតួកគី និងកម្ពុជា ហើយការចាកចេញពីប្រទេសកម្ពុជា លោកស្រីមានអារម្មណ៍ថា ដូចជាការចាកចេញពីផ្ទះ ដែលកំពុងតែរស់នៅ។ ទោះបីជាយ៉ាងណាក៏ដោយលោកស្រី នឹងបន្តធ្វើការធ្វើយ៉ាងណាឲ្យទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត មិនថាលោកស្រីនៅទីណាទេ» ។
ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងថា ក្នុងការបំពេញបេសកកម្មការទូត យ៉ាងរស់រវើក និងផ្លែផ្កា ចូលរួមចំណែកយ៉ាងសកម្ម តាមរយៈបេសកកម្មសកម្មការទូត របស់លោកស្រីបានធ្វើឲ្យពង្រឹង ពង្រីកទំនាក់ទំនងរវាងកម្ពុជា-តួកគី ជាពិសេសការរៀបចំឲ្យមានដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្ររបស់សម្ដេច ទៅកាន់តួកគី និងរៀបចំមូលដ្ឋានជាច្រើន សម្រាប់ពង្រីក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដែលចាំតែពេលវេលាប៉ុណ្ណោះ ដោយទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងកើនឡើងទៅដល់ចំនួនដែលបានកំណត់ទុក។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសារជាថ្មី ជូនលោកស្រី និងរដ្ឋាភិបាលតួកគី ដែលបានផ្ដល់ជំនួយដល់កម្ពុជា ទាំងការជួយដល់ជនក្រីក្រ ការសង់ផ្ទះជូនជនក្រីក្រ និងការធ្វើផ្លូវតាមជនបទ ៕