នយោបាយ

លោក ប្រាក់ សុខុន ប្រេសិតពិសេសប្រធានអាស៊ាន នឹងទៅមីយ៉ាន់ម៉ា ជាលើកទី២ នៅថ្ងៃស្អែក

ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ខណៈលើកទី១ លោកបានទៅកាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២២ ដើម្បីបង្កើតលក្ខខណ្ឌ អំណោយផលឈាន ទៅដល់ការបញ្ចប់អំពើហិង្សា ។

ការប្រកាសទៅមីយ៉ាន់ម៉ា ឬភូមានេះ បន្ទាប់ពីលោកបានស្នើឲ្យបញ្ជូនខ្លួន លោកស្រី អោង សានស៊ូជី មកឃុំខ្លួននៅផ្ទះ របស់លោកស្រីវិញ ។ តាមរយៈសេចក្តីថ្លែងការណ៍ នាថ្ងៃ២៧ មិថុនា លោកប្រាក់ សុខុន បានបង្ហាញក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន ចំពោះរបាយការណ៍ ស្តីពីការផ្ទេរលោកស្រី អោង សានស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារ នៅក្នុងទីក្រុងណៃពិដោ និងបានទទូច ឲ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការ បញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋាន ដែលជាទីតាំងលោកស្រី ត្រូវបានឃុំខ្លួនពីដំបូង ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៨ មិថុនានេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ច លើកទីពីររបស់ ប្រេសិតពិសេស ទៅកាន់មីយ៉ាន់ម៉ា មានគោលបំណងតាមដានវឌ្ឍនភាព នៃការអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។

លិខិតបញ្ជាក់ថា ក្នុងនោះក៏ដើម្បីរួមចំណែកដល់ការបង្កើត បរិយាកាសអំណោយផល សម្រាប់ដំណើរ ការសន្ទនានយោបាយ ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ៕

To Top