ព័ត៌មានជាតិ

សិស្សប៊ែលធី ជាង២ពាន់នាក់ ចូលរួមប្រកួតប្រជែង សំណេរភាសាអង់គ្លេស លើកទី៥

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានរៀបចំកម្មវិធីប្រកួតប្រជែង សំណេរភាសា អង់គ្លេសលើកទី៥ (The 5th English Writing Contest Program) នៅសាលា ប៊ែលធី អន្តរជាតិទី៩ (ស្ទឹងមានជ័យ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប និងលោកស្រី។

លោក ចាន់ ទីតា ប្រធាននាយកដ្ឋាន ភាសាអង់គ្លេសទូទៅ នៃប៊ែលធី គ្រុប បានឲ្យដឹងថា «គោលបំណង នៃការប្រកួតសំណេរភាសាអង់គ្លេស គឺធ្វើឲ្យសិស្សានុសិស្សស្ទាត់ជំនាញក្នុងការសរសេរ មានភាពក្លាហាន ហ៊ានបញ្ចេញ សមត្ថភាព និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈជាតិ និងអន្តរជាតិ»។

លោកបន្ដថា កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងដោយសិក្សារយៈពេល ៩ឆ្នាំ គឺ ចាប់ពីកម្រិតដំបូង Pre-school 1 ដល់ Pre-school 6 និងពី Level 1 ដល់ Level 12)។លោកថា ពេលបញ្ចប់ការសិក្សាសិស្សមានសមត្ថភាព អាចប្រើប្រាស់ភាសាអង់គ្លេស បានយ៉ាងល្អប្រសើរលើជំនាញ និយាយ ស្តាប់ អាន និងសរសេរ។

ជាងនេះទៅទៀត លោកបញ្ជាក់ថា នៅពេលបញ្ចប់ Level 12 សិស្សត្រូវប្រឡង តេស្តអន្តរជាតិ (អាយអែល = IELTS) ដែលសាលា ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមប្រឹក្សាភាសាអង់គ្លេស (The British Council) ដែលមានទីតាំង នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការយុទ្ធសាស្ត្ររបស់ប៊ែលធី គឺសិស្សត្រូវ ទទួលបានពិន្ទុ (អាយអែល = IELTS) ៥.០ឡើងទៅ និងឲ្យបានចាប់ពី ៨៥% ទៅ ៩០% ក្នុងចំណោមបេក្ខជនប្រឡងទាំងអស់។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរ ចំពោះជយលាភីទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង សិក្សារៀនសូត្រ និងមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាពប្រកួតប្រជែង និងសរសេរបានយ៉ាងស្ទាត់ ជំនាញក្នុងការប្រឡងនាថ្ងៃនេះ។

លោកបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាល សិស្សទាំងអស់ ដែលតែងតែគាំទ្រលើការអប់រំរបស់សាលា ប៊ែលធី អន្តរជាតិ រហូតមកទាំងផ្នែកចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ ដែលធ្វើឲ្យសាលាមានលទ្ធភាពពង្រីកទីតាំង និងពង្រឹងគុណភាពអប់រំឱ្យបានកាន់តែមាន ប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធីគឺ «គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌»។

បន្ថែមពីនេះ លោកបណ្ឌិត លី ឆេង ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ មិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម។ គឺត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹង សមត្ថភាព ដើម្បីធ្វើខ្លួនឲ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ជាតិនាពេលអនាគត។

ជាទីបញ្ចប់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរឹទ្ធិ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជយលាភី កម្រិតទី៥ ទី៨ ទី១១ និងទី១២ ចំនួន ១២នាក់ ផងដែរ៕

To Top