ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោស អតីតសមាជិកក្រុមប្រឹក្សា សង្កាត់កោះរ៉ុងម្នាក់ ជាប់គុក ៧ឆ្នាំ ជាប់ពាក់ព័ន្ធ នឹងការក្លែងឯកសារ ក្នុងការកាន់កាប់ដីរដ្ឋ ជាង៥០០ហិកតា នៅកោះរ៉ុង

ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសសាលដីកា និងបានសម្រេចតម្កល់ទោស អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ កោះរ៉ុង ម្នាក់ ជាប់គុកកំណត់៧ឆ្នាំដដែល ជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពីពុករលួយ និង ការក្លែងឯកសារសាធារណៈ ដោយបានចុះហត្ថលេខា លើដីធ្លី ដែលមានទំហំ ៥២៥ហិកតា និងបានប្រគល់ឱ្យពលរដ្ឋ នៅភូមិព្រៃស្វាយ ប្រព្រឹត្តិនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ តុលាការកំពូល បានថ្លែងអោយដឹង​នៅក្នុងសវនាការថា ទណ្ឌិតរូបនេះ មានឈ្មោះ ហែម សាឡេះ ភេទប្រុស អាយុ៥៨ឆ្នាំ ជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ ទណ្ឌិត ហែម សាឡេះ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពី២៩ ខែមករា ឆ្នាំ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពីបទ: « បំផ្លាញដោយចេតនា និង គៃបំបាត់ ដោយទុច្ចរិត បទក្លែងឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែង និងបទរំលោភអំណាច» តាមមាត្រា៦០១ មាត្រា៦២៩ មាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ។

ទណ្ឌិត ហែម សាឡេះ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ។

យោងតាមឯកសារ របស់តុលាការ បានអោយដឹងថា នៅក្នុងរឿងក្តីនេះ មានទណ្ឌិត ចំនួន៦នាក់ ក្នុងនោះ រួមមានឈ្មោះ ឧកញ៉ា សុខ ប៊ុន ផងដែរ។

ទណ្ឌិតទាំង៦នាក់ ដែលត្រូវបានចាប់ខ្លួន និងផ្តន្ទាទោស ដោយតុលាការ នៅក្នុងសំណុំរឿងក្តីខាងលើនេះ មានឈ្មោះ ដូចខាងក្រោមនេះ ៖

ទី១-ឧកញ៉ា សុខ ប៊ុន អគ្គនាយកសុខ ប៊ុន គ្រុប ត្រូវបានចោទពីបទ​​ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារ សាធារណៈក្លែង ផ្តើមគំនិតក្នុងអំពើបំផ្លាញ ដោយចេតនា និងគៃបំបាត់ ដោយទុច្ចរិតប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦២៩, ៦៣០ និង២៨(៦០១) នៃក្រមព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់៧ឆ្នាំ ។

ទី២-ឈ្មោះ អ៊ុង និត ប្រធាន ក្រុមប្រឹក្សា សង្កាត់កោះរ៉ុង ត្រូវបានតុលាការ ចោទប្រកាន់ ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតវីតិក្រម ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ តាមបញ្ញត្តិ មាត្រា ៦០១,៥៩២,៥៩៣,៦២៩ និង៦៣០ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់៥ឆ្នាំ និងពីន័យជាប្រាក់១០លានរៀល ។

ទី៣-ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ។

ទី៤-ឈ្មោះ ហែម សាឡេះ សមាជិកក្រុម ប្រឹក្សាសង្កាត់កោះរ៉ុង ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ កំណត់៧ឆ្នាំ និងពិន័យជាប្រាក់ ចំនួន១០លានរៀល ។

ទី៥- ឈ្មោះ កែវ សោម ចៅសង្កាត់រងទី ២ នៃសង្កាត់ កោះរ៉ុង ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងពិន័យជាប្រាក់ ចំនួន១០លានរៀល ។

និងទី៦- ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ក្រោមការចោទព្រកាន់ពីបទបំផ្លាញ ដោយចេតនា និងគៃបំបាត់ ដោយទុច្ចរិត ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ ឯកសារសាធារណៈ ក្លែងតាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ ។

គួររំលឹកថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅកាលពីថ្ងៃទី២៤ មិថុនា ២០១៩ បានចាប់ខ្លួនមនុស្សចំនួន៦នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភំពេញ ក្នុងនោះមានលោកឧកញ៉ា សុខ ប៊ុន ផងដែរ ជាប់ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និងក្លែងលិខិតបន្លំយកដី ប្រជាពលរដ្ឋ នៅសង្កាត់កោះរ៉ុង ជាង ៥០០ហិកតា ប្រព្រឹត្តនៅចន្លោះឆ្នាំ២០១៦ និង២០១៩៕ ដោយ៖ លីហ្សា

To Top