ព័ត៌មានអន្តរជាតិ

បារាំង ដាក់ពង្រាយ ប្រព័ន្ធរ៉ាដា នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត ដើម្បីធានាសុវត្ថិភាព

បរទេស ៖ ប្រទេសបារាំង នាពេលថ្មីៗនេះ បានដាក់ពង្រាយប្រព័ន្ធរ៉ាដា នៅលើតំបន់ឆ្នេរភាគខាងកើត នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពង្រឹងកិច្ចការពារ សម្ពន្ធមិត្តរបស់ខ្លួន ក្រោយមានការ វាយប្រហារមីស៊ីល ទៅលើហេដ្ឋារចនាសម្ព័ន្ធ ប្រេងអារ៉ាប៊ីសាអូឌីត កាលពីខែកញ្ញាឆ្នាំមិញ ។

នៅក្នុងសុន្ទរកថាមួយ ថ្លែងទៅកាន់យោធាបារាំង លោកប្រធានាធិបតី Emmanuel Macron បានមានប្រសាសន៍ថា “នៅក្នុងឧបទ្វីបអារ៉ាប់និងតំបន់ឈូងសមុទ្រអារ៉ាប់-ពែរ្ស ជាទីមានភាពតានតឹង កំពុងតែកើនឡើងនោះ យើងបានដាក់ពង្រាយកងកម្លាំង Jaguar Task Force ដែលរួមចំណែក ក្នុងការធានាសន្តិសុខ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត”។

គួរបញ្ជាក់ថា ទីក្រុងប៉ារីសរិះគន់ប្រទេសអ៊ីរ៉ង់ ពីបទធ្វើការវាយប្រហារដោយកូនដ្រូននិងមីស៊ីល បង្អាក់ដំណើរការនៅទីតាំងកែឆ្នៃប្រេងដ៏ធំបំផុតរបស់ពិភពលោក នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត និងបានសន្យាថា នឹងផ្តល់ជំនួយការពារ មិនឲ្យមានហេតុការណ៍ដដែលនេះ កើតមានឡើងទៀតនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top