ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងថា ចក្រភពអង់គ្លេស នឹងធ្វើអស់ពីសមត្ថភាព ដើម្បីរក្សាទីក្រុងប៉េកាំង ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន ស្តីពីសិទ្ធិលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើឡើងកាលពី២៥ឆ្នាំមុន នៅគ្រាដែលក្រុងហុងកុង ត្រូវបានប្រគល់ឱ្យទៅប្រទេសចិនវិញ ។
លោក Johnson បានថ្លែងថា ប្រទេសចិន បានបរាជ័យក្នុងការអនុវត្តតាម ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពនូវការរៀបចំ “ប្រទេស១ ប្រព័ន្ធ២” ដែលបានព្រមព្រៀងគ្នា នៅក្រោមកិច្ចព្រមព្រៀង ដែលបានបញ្ចប់ការគ្រប់គ្រង អាណានិគមរបស់អង់គ្លេស ក្នុងឆ្នាំ១៩៩៧ ។
ចក្រភពអង់គ្លេស បានរិះគន់ជាពិសេស ចំពោះច្បាប់សន្តិសុខជាតិ ដែលបានដាក់ក្នុងឆ្នាំ២០២០ និងការផ្លាស់ប្តូរការបោះឆ្នោត ដែលខ្លួនលើកឡើងថា បំផ្លាញសេរីភាព និងស្វ័យភាពរបស់ក្រុងហុងកុង ។
លោក Johnson បានថ្លែងនៅក្នុងវីដេអូបង្ហោះថា “នៅថ្ងៃខួបលើកទី២៥ នៃការប្រគល់នេះ យើងមិនអាចជៀសផុត ពីការពិតដែលថា មួយរយៈនេះទីក្រុងប៉េកាំងបាននឹងកំពុងខកខានក្នុងការអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន” ។
លោកបានសង្កត់ធ្ងន់ថា “វាជាស្ថានភាពនៃកិច្ចការដែលគំរាមកំហែងទាំងសិទ្ធិ និងសេរីភាពរបស់ប្រជាជនហុងកុង និងការបន្តរីកចម្រើន និងវិបុលភាពនៃមាតុភូមិរបស់ពួកគេ” ។
ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង កំពុងបំពេញទស្សនកិច្ច នៅទីក្រុងហុងកុង ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ នៅក្រៅប្រទេសចិនដីគោកក្នុងរយៈពេលជាង២ឆ្នាំដើម្បីប្រារព្ធខួបមួយនេះ ៕
ដោយ៖ ម៉ៅ បុប្ផាមករា