ព័ត៌មានអន្តរជាតិ

រុស្ស៊ី និង វេណេស៊ុយអេឡា រិះគន់លោកខាងលិចថា ការរារាំងទ្រព្យសម្បត្តិ របស់រដ្ឋអធិបតេយ្យ គឺជាការរំលោភ យ៉ាងធ្ងន់ធ្ងរ លើសិទ្ធិសេដ្ឋកិច្ច សង្គមរបស់ពលរដ្ឋ

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីវេណេស៊ុយអេឡា ដែលកំពុងបំពេញទស្សនកិច្ច របស់លោកគឺលោក Carlos Faria កាលពីថ្ងៃចន្ទ បានសម្តែងការត្រៀមខ្លួន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងវិស័យដ៏ធំទូលាយមួយ ។

លោក Lavrov បាននិយាយក្នុងអំឡុងសន្និសីទ ខ្លីមួយជាមួយ Faria ដែលធ្វើឡើងនៅទីនេះថា “យើងបានយល់ព្រមលើកកម្ពស់ ការងារលើគម្រោង ដែលមានអត្ថប្រយោជន៍ទៅវិញទៅមកក្នុងវិស័យមួយចំនួន រួមទាំងថាមពល ឱសថ ឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យាយោធា” ។

ភាគីទាំងពីរបានឲ្យដឹងថា សកម្មភាពរបស់ប្រទេសលោកខាងលិច មួយចំនួនក្នុងការរារាំងទ្រព្យសម្បត្តិ របស់រដ្ឋអធិបតេយ្យ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិសេដ្ឋកិច្ចសង្គមរបស់ពលរដ្ឋ ។

លោក Faria បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនវេណេស៊ុយអេឡា និងក្រុមហ៊ុនរុស្ស៊ី កំពុងធ្វើការលើគម្រោង ជាក់លាក់នៅក្នុងវិស័យថាមពល ហើយភាគីទាំងពីរកំពុងស្វែង រកវិធីដើម្បីឆ្លងកាត់ឧបសគ្គ ដែលមានស្រាប់ ដែលបង្កើតឡើង ដោយទណ្ឌកម្មរបស់លោកខាងលិច៕

ប្រែសម្រួល ឈូក បូរ៉ា

To Top