ព័ត៌មានជាតិ

តុលាការាជធានីភ្នំពេញ បញ្ចប់សវនាការ លើសំណុំរឿងក្តី របស់ William Guang និង គូកន ជាប់ពាក់ព័ន្ធការប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី និង លើកពេលប្រកាសសាលក្រមទៅថ្ងៃទី២ សីហា

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបញ្ចប់សវនាការជំនុំជម្រះ លើសំណុំរឿង ជនជាប់ចោទ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ចំនួន ៦នាក់ទៀត ជាប់ពាក់ព័ន្ធនិងការ ប្លន់ប្រដាប់អាវុធ និង ការចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញល្បី ម្នាក់ ឈ្មោះ អ៊ាន សៀវម៉ី ប្រព្រឹត្ត នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីខែ ធ្នូ ឆ្នាំ ២០២១ ។

លោកស្រី ឈុន ដាវី ជាប្រធានក្រុមប្រឹក្សា ជំនុំជំម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ មានជនជាប់ចោទ ចំនួន ៧នាក់ រួមមានៈ ទី ១-ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ ប្រធាន គណបក្សខ្មែរក្រោក និង ( ជាមេខ្លោងចោរប្ល.ន់ ) មានស្រុកកំណើតនៅខេត្តព្រះត្រពាំងកម្ពុជា ក្រោមមានអាសយដ្ឋាន ស្នាក់នៅបុរីប៉េងហួតផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ សុវណ្ណ ស្រីសុរិយោ ព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ ( ត្រូវជាប្រពន្ធវិល្លាមគ័ង ) មុខរបរ លក់ដូរស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី ៣- ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទី៤-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ ៨ ផ្លូវលេខ ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ទី ៥.ឈ្មោះ កេត ម៉ាច ភេទប្រុស អាយុ២៦ ឆ្នាំ ។ ទី ៦ ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤២ ឆ្នាំ។ និង ទី ៧.ឈ្មោះ ថុន វឌ្ឍនៈបូរ៉ាមី ភេទស្រី អាយុ២៧ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ទាំង៧នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ: ” លួចមានស្ថានទម្ងន់ទោស បទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ»។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាន អាវុធវែងខ្លី ចំនួន ៦ ដើម ។

សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាកក្រម លើ សំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅរសៀល ថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២២ ខាងមុខនេះ៕ដោយ: លីហ្សា

To Top