ភ្នំពេញ៖ ប្រទេសអូស្ត្រាលី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩។ នេះបើតាមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។
ការប្រគល់ប្រគល់វ៉ាក់សាំង នៅពេលនេះ ជាការបន្ថែមទៅលើជំនួយវ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥ដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែលជាជំនួយទ្វេភាគី របស់ប្រទេសអូស្រ្តាលី។ ជំនួយទាំងនេះ គឺជាផ្នែកមួយនៃជំនួយអូស្រ្តាលី ដែលមានថវិកា ចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលជាការប្តេជ្ញាចិត្ត គ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការ ចាក់វ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមភាពនៅកម្ពុជា។
មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត៥៣លានដូស។ ក្នុងនោះ នៅសល់ក្នុងឃ្លាំងប្រមាណ ជា៨លានដូស។ កម្ពុជាក៏នៅមានវ៉ាក់សាំង សរុបប្រមាណ២០លានដូសទៀត ជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមក៕