ភ្នំពេញ៖ សិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានឆមាសទី១ និងលេីកកទិសដៅអនុវត្តន៍ ភារកិច្ចបន្តឆមាសទី២ ឆ្នាំ២០២២ និងប្រគល់ប័ណ្ណសរសេីរ លិខិតសរសេីរ ប្រកាសសេចក្តីសម្រេច បង្កេីតក្រុមការងារយេនឌ័រ និងបំពាក់ឋានន្តរសក្តិ របស់កងពលតូចលេខ៧០ ធ្វេីឡេីងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងពល។
ក្នុងពិធីនេះដែរ លោកមេបញ្ជាការកងពល បានមានប្រសាសន៍ថា ការងារទទួលបានលទ្ធផល និងសមិទ្ធផល គឺកើតចេញពីការសហការរួមគ្នា របស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យដើម្បីរួមគ្នា ពិនិត្យវាយតម្លៃលើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់អំពីទិសដៅបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២២ បង្កើនការហ្វឹកហ្វឺនគ្រប់ជំនាញ បន្តសាងសង់អគារ និងជាពិសេសបន្តបង្កបង្កេីនផល សម្រាប់ផ្គត់ផ្គង់ ដល់កងទ័ពទូទាំងកងពល។
ទន្ទឹមនឹងនេះ លោកមេបញ្ជាការកងពល បានជូនប័ណ្ណសរសេីរ លិខិតសរសេីរដល់មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនយោធិន អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងបានទស្សនាពិពណ៌រូបថត និងវាយតម្លៃការតាំងរូបថតតាមបណ្តាអង្គភាពនីមួយៗ ប្រចាំឆមាសទី១ ឆ្នាំ២០២២ថែមទៀត។
មុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ឯក បានសំណូមពរដល់យោធិនទាំងអស់ ត្រូវលេីកកំពស់ការប្រុងប្រយ័ត្ន រក្សាអនាម័យ រក្សាគម្លាតសុវត្តិភាព អនុវត្តវិធានការ ៣កុំ ៣ការពារ ដេីម្បីចូលរួមប្រយុទ្ធប្រឆាំង ការរីករាលដាលជំងីកូវីដ-១៩ ដែលអាចនឹងកេីតឡេីងជាថ្មី ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល។
ជាចុងបញ្ចប់ លោកមេបញ្ជាការបានថ្លែងអំណរគុណ កោតសរសើរចំពោះយោធិន ដែលបំពេញការងារទទួលបាន លទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ច ដែលកងពលបានប្រគល់ជូន៕