គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថាអ៊ុយក្រែននឹងទទួលបានជំនួយចំនួន ១,៧ ពាន់លានដុល្លារអាមេរិក ពីម្ចាស់ជំនួយអន្តរជាតិ។
លោក Shmyhal បានលើកឡើងថា ប្រាក់នេះនឹងត្រូវបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈមូលនិធិទុកចិត្តម្ចាស់ជំនួយតែមួយ ដែលបង្កើតឡើងដោយធនាគារអន្តរជាតិ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ សមាគមអភិវឌ្ឍន៍អន្តរជាតិ និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។
មូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីរ៉ាប់រងការចំណាយ ថវិការបស់អ៊ុយក្រែន លើសេវាវេជ្ជសាស្រ្តក្រោមកម្មវិធីធានាផ្នែកវេជ្ជសាស្រ្ត នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក Serhiy Marchenko បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ សាធារណៈមួយកាលពីខែមុនថា ទីក្រុងគៀវ គ្រោងនឹងរៃអង្គាសប្រាក់ចំនួន ២០ពាន់លានដុល្លារជាជំនួយអន្តរជាតិ ពីដៃគូលោកខាងលិចរបស់ខ្លួន នៅចុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា