ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។
លោក សូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការសម្ពោធសមិទ្ធផលថ្មីៗបន្ថែមទៀត នៅក្នុងទីអារាម ដែលមានអាយុកាលប្រមាណ ២២០ ឆ្នាំមួយនេះ ដែលពីដើមឡើយក៏ធ្លាប់មានការខិតខំកសាងសមិទ្ធផល ជាច្រើនបន្តបន្ទាប់ផងដែរ តាមរយៈសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដោយសារវត្តនេះ ធ្លាប់ជាទីកន្លែង សម្រាប់ធ្វើបុណ្យទានផង និងក៏ជាសាលាបង្រៀន អក្សរសាស្ត្រ និងបង្ហាត់ក្បាច់គុណបុរាណ ដល់កូនចៅអ្នកស្រុកផងដែរ ប៉ុន្តែជាអកុសល នៅក្នុងរបបអាវខ្មៅ ប៉ុលពត ព្រះសង្ឃត្រូវបានចាប់ផ្សឹក ហើយទីតាំងវត្តត្រូវបានប្រែក្លាយជាមន្ទីរពេទ្យ និងតំបន់កប់សពអ្នកជំងឺ។ ដូច្នេះ ការរីកចម្រើន នៅទីនេះ ក៏អាចឆ្លុះបញ្ចាំងឱ្យឃើញអំពីនិន្នាការរួម នៃការអភិវឌ្ឍរីកចម្រើន ក្នុងវិស័យ ព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ នៅទូទាំងប្រទេស ដោយបានឆ្លងកាត់ ដំណាក់កាលជាច្រើន នៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅក្រោយការរស់រានឡើងវិញ ចាប់ពីឆ្នាំ១៩៧៩ ដែលថ្នាក់ដឹកនាំទាំងក្នុង ផ្នែកពុទ្ធចក្រ និង អាណាចក្រ ព្រមទាំងប្រជាពលរដ្ឋ បានរួបរួមគ្នាក្នុងធ្លុងមហាសាមគ្គី និងខិតខំលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យបានរីកចម្រើនរុងរឿងឡើងវិញ រហូតមកដល់បច្ចុប្បន្ន។
មិនតែប៉ុណ្ណោះ លោក សូមចូលរួមសម្តែងនូវការអបអរសាទរ ប្រគេនចំពោះព្រះភិក្ខុ សៅរ៍ តារាវី ព្រះចៅអធិការវត្តមង្គលមានលក្ខណ៍ ដែលទទួលបានការទុកព្រះទ័យ និងការទុកចិត្តពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី និង សម្តេចតេជោ នាយករដ្ឋមន្ត្រី, គណៈសង្ឃនាយក និងក្រសួងធម្មការ និងសាសនា តែងតាំងជា ព្រះគូធីរវង្សាចារ្យ អនុគណស្រុកត្រាំកក់ ដើម្បីព្រះអង្គបន្តចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងវិស័យពុទ្ធចក្រនៅស្រុកត្រាំកក់ ខេត្តតាកែវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបណ្ឌិត រំលេចថា ការកើតឡើងនូវសមិទ្ធផលជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងឱកាសបានជួបជុំធ្វើបុណ្យ សម្ពោធឆ្លងជាបន្តបន្ទាប់ ដូចពេលបច្ចុប្បន្នេះ គឺពិតជាបានបង្ហាញឱ្យឃើញនូវអត្ថន័យច្រើនយ៉ាង៖ ទី១. ភាពជោគជ័យគួរជាទីមោទនៈ នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងលើការងារបង្ការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំង , ទី២. ការកើនឡើងលទ្ធភាពជីវភាព របស់ប្រជាពលរដ្ឋក្នុងបរិបទ ដែលកម្ពុជាជាប្រទេស មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបនឹងវិបត្តិផ្សេងៗ ដោយរក្សាបាននូវភាពធនរឹងមាំ, ទី៣. ការរីកចម្រើន នៃវិស័យព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរ តាមរយៈជំនឿសទ្ធាជ្រះថ្លាដ៏មុតមាំរបស់ប្រជាពលរដ្ឋ ព្រមទាំងការបង្កលក្ខណៈ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ មក, និងទី៤. បច្ច័យ នៃសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ ដែលអំណោយផល ដល់ការជួបជុំញាតិមិត្ត ដើម្បីធ្វើបុណ្យធ្វើទាន សម្អាតចិត្តឱ្យបរិសុទ្ធគ្មានទុក្ខកង្វល់ និងចូលរួមកសាង សមិទ្ធផល បានច្រើន។
លោក ម៉ាណែត សង្កត់ធ្ងន់ថា ប្រទេសកម្ពុជាអាចទទួលបានសន្តិភាព ពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ ដោយសារការដឹកនាំប្រកប ដោយធម៌របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជាគោលនយោបាយ ផ្អែកលើគោលការណ៍គុណធម៌ មនុស្សធម៌ ការចែករំលែក និងការទុកចិត្តគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណារក្សាការពារឱ្យបាននូវអាយុជីវិត, ទ្រព្យសម្បត្តិ និងមុខរបរការងាររបស់ខ្មែរគ្រប់រូប គ្រប់និន្នាការ ដោយមិនមានការរើសអើងបែងចែក។
បន្ថែមពីនេះ លោក សូមអរគុណប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ, ការរស់នៅជាមួយគ្នាប្រកប ដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ, ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឱ្យបានរីកចម្រើនរុងរឿង។ សន្តិភាពដ៏ពេញលេញ និងសេចក្តីសុខសាន្តត្រាណក្នុងរយៈពេលជិត ២៤ឆ្នាំ មកនេះ អាចនឹងរលាយបាត់បង់ទៅវិញ យ៉ាងឆាប់រហ័ស ក្នុងមួយប៉ប្រិចភ្នែក ប្រសិនបើសិនគ្មានការចូលរួម ប្រកបដោយស្មារតីទទួលខុស របស់ប្រជាពលរដ្ឋម្នាក់ៗ និង ការប្តេជ្ញាចិត្តដ៏ច្បាស់លាស់ របស់ប្រមុខថ្នាក់ដឹកនាំ ក្នុងការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពឱ្យបានដាច់ខាតទោះបីក្នុងតម្លៃណាក៏ដោយ។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និងរួមសាមគ្គីគ្នា ដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឱ្យឋិតឋេរចីរកាលតទៅមុខ សម្រាប់អ្នកជំនាន់ក្រោយៗទៀត ។