ភ្នំពេញ: ស្ត្រីជាប់ចោទវៀតណាមម្នាក់ កាលពីថ្ងៃទី ១៤ខែ កក្កដា ឆ្នាំ ២០២២ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០លានរៀល ជាប់ពាក់ព័ន្ធនឹងបទល្មើស លាងសំអាតប្រាក់ ប្រព្រឹត្ដ នៅក្នុងរាជធានីភ្នំពេញ កាលពីចន្លោះឆ្នាំ២០២០។
លោក លី សុខា ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា ជនចោទរូបនេះ មានឈ្មោះ Pham Thi Minh Thu ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម មានមុខរបរមុនចាប់ខ្លួន ជាមេការ និងអ្នកគិតលុយ (Accountant) ធ្វើការជាមួយហាងម៉ាស្សាវៀតណាមមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: លាងសម្អាតប្រាក់ តាមមាត្រា៣៨ នៃច្បាប់ស្ដីពីប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១។
គួររំលឹកថា ក្រៅពីសំណុំរឿងក្តីខាងលើនេះ, ជនជាប់ចោទ ឈ្មោះ Pham Thi Minh Thu ក៏ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំផងដែរ ពីបទ: សញ្ចរកម្មមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុងសង្កាត់បឹងកេងកង២ ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២០៕ ដោយ: លីហ្សា