យូអិន៖ បេសកជនចិនកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់រដ្ឋាភិបាលកូឡុំប៊ីថ្មី ឱ្យពង្រឹងសន្តិភាពបន្ថែមទៀត នៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិនស្វាគមន៍ចំពោះ ការរៀបចំការបោះឆ្នោត ប្រធានាធិបតីប្រកបដោយជោគជ័យ និងកោតសរសើរចំពោះការប្តេជ្ញាចិត្ត របស់ប្រធានាធិបតីជាប់ឆ្នោត Gustavo Petro ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ការអំពាវនាវរបស់លោកឱ្យ មានឯកភាពជាតិ និងការយកចិត្តទុកដាក់របស់ លោកលើការសម្រេចបាននូវសន្តិភាព ដែលជាគោលដៅស្នូលរបស់ រដ្ឋាភិបាលនាពេលខាងមុខ ។
លោកបានលើកឡើងថា “យើងសង្ឃឹមថារដ្ឋាភិបាលថ្មី នឹងកសាងលើសមិទ្ធិផលដែលបានធ្វើរួច ជំរុញយ៉ាងសកម្មដំណើរការ សន្តិភាពនៅប្រទេសកូឡុំប៊ី ធ្វើការដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈមក្នុងការ អនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងពង្រឹងការទទួលបានសន្តិភាព ដែលពិបាកទទួលបាន”។
អំពើហឹង្សាពីសំណាក់ក្រុមប្រដាប់អាវុធ ខុសច្បាប់នៅក្នុងតំបន់មួយចំនួន បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ សុវត្ថិភាពរបស់ជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ ហើយបានក្លាយទៅជាកត្តារំខាន ដល់ដំណើរការសន្តិភាព។
លោកបានបន្ដថា ប្រទេសចិនស្វាគមន៍ចំពោះ ឆន្ទៈរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Petro ក្នុងការបន្តការចរចាសន្តិភាព ជាមួយកងទ័ពរំដោះជាតិ និងបើកការសន្ទនាជាមួយ ក្រុមប្រដាប់អាវុធផ្សេងទៀត ដែលមិនទាន់បានចូលរួម ក្នុងដំណើរការសន្តិភាព ។
ប្រទេសចិនក៏សង្ឃឹមផងដែរថា រដ្ឋាភិបាលនាពេលខាងមុខនឹង ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវ ស្ថានភាពសន្តិសុខនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយ ជម្លោះតាមរយៈការសន្ទនា និងការចរចា ដើម្បីបញ្ចប់ជម្លោះម្តង និងសម្រាប់ទាំងអស់គ្នា និងដោយការពង្រឹងការដាក់ពង្រាយ កងកម្លាំងសន្តិសុខនៅក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយជម្លោះ ៕
ប្រែសម្រួល ឈូក បូរ៉ា