ភ្នំពេញ ៖ ក្រោយចេញពីបំភ្លឺនៅតុលាការតាមពាក្យ បណ្តឹង គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃ១៥ កក្កដា នេះ លោក សុន ឆ័យ អនុប្រធាន គណបក្សភ្លើងទៀន បានហៅបណ្តឹង របស់បក្សកាន់អំណាចថា ជាបណ្តឹងមិនចាំបាច់ទាល់តែសោះ ព្រោះគ្មានប្រយោជន៍ ។ ប៉ុន្តែលោក សុខ ឥសាន ក្នុងនាមជាអ្នកនាំពាក្យ បក្សកាន់អំណាច វាយបកទៅវិញថា បណ្តឹងនេះកើតឡើងមកពីមាត់ អត់គម្របរបស់លោក សុន ឆ័យ ទៅវិញទេ។
មិនខុសពីការបំភ្លឺលើកទី១របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃ៨ កក្កដា នៅថ្ងៃ១៥ កក្កដានេះ បន្ទាប់ពីចេញពីបន្ទប់សវនាការ អមដោយអ្នកគាំទ្រ លោក សុន ឆ័យគូសបញ្ជាក់ថា “ខ្ញុំយល់ថា វាជាការប្តឹងផ្តល់មួយ ដែលមិនចាំបាច់ ហើយមិនមានផល ប្រយោជន៍ទាំងគណបក្ស ប្រជាជនកម្ពុជា ក៏មិនមានប្រយោជន៍សម្រាប់គណបក្សភ្លើងទៀនដែរ” ។
បណ្តឹងរបស់បក្សប្រជាជនប្តឹងលោក សុន ឆ័យពីបទបំភ្លៃលើដំណើរការបោះឆ្នោតឃុំ-សង្កាត់ថា មានការបន្លំលួចសន្លឹកឆ្នោត ប៉ុន្តែលោកអះអាងថា លោកពិតជាបានទទួលព័ត៌មានពីការទិញសន្លឹកឆ្នោត ។ លោកថា របាយការណ៍គណបក្សភ្លើងទៀន គណបក្សផ្សេងទៀត ព្រមទាំងសង្គមស៊ីវិលមិនខុសគ្នា អំពីភាពមិនប្រក្រតីនៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។
លោកសង្កត់ធ្ងន់ថា ករណីទាំងនេះអំពីការបោះឆ្នោត គឺលោកមិនបាននិយាយបំផ្លើសនោះទេ ។
លោកបញ្ជាក់បន្ថែមថា “មានហេតុផលពីការលួចសន្លឹកឆ្នោត ដោយយើងដឹងហើយថា ពាក្យលួចសន្លឹកឆ្នោត ការលួចបន្លំសន្លឹកឆ្នោត ជាពិសេសថ្ងៃបោះឆ្នោត នៅពេលចុងក្រោយរាប់សន្លឹកឆ្នោតនោះ គឺមានរបាយការណ៍ពីការពិត គឺបិទបង្អួត បិទទ្វារ ដេញពលរដ្ឋចេញ មានសកម្មភាពមេភូមិ មេឃុំ និងការបិទរបងសាលាជាដើម”។
លោកថា ការធ្វើបែបនេះ ធ្វើឲ្យបាត់បង់តម្លាភាព ហើយចង់ដឹងថា មានបំណងអ្វី តែមិនទទួលចំលើយ ដូច្នេះមានតែបន្លំសន្លឹកឆ្នោត ។
សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យបក្ស ប្រជាជនកម្ពុជា បានថ្លែងបកទៅវិញថា ដល់ពេលឡើងតុលាការទើបដើរជាតួកំសត់ តែអ្វីៗហួសពេលហើយ។ លោកថា “ការកើតឡើងពាក្យបណ្តឹងដល់សុន ឆ័យ ដោយសារតែមាត់អត់គម្របរបស់សុន ឆ័យ ។ ការថា និយាយលេងរបស់សុន ឆ័យ ធ្វើឲ្យសុន ឆ័យជាប់គុកមែនទែន បើតុលាការកាត់សេចក្តី”។
លោកថា បើទោះបីលោក សុន ឆ័យដើរតួជាអ្នកកំសត់ ក៏ហួសពេលហើយ ព្រោះលោក សុន ឆ័យមិនមែនឆ្កួត ឬឡប់សតិទេ គឺជាការនិយាយដោយចេតនា ក្នុងសតិនឹងនរ ជាមនុស្សដឹងខ្យល់។
គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ ដោយស្នើសុំឲ្យធ្វើការពិនិត្យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៤.០០០.០០០.០០០រៀល ស្មើនឹង ១លានដុល្លារ ក្រោយចោទប្រកាន់ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
បណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ កាលពីថ្ងៃ៧ មិថុនា ចូលរួមផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្រោមប្រធានបទ «តើលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ មានភាពប្រក្រតី ឬមិនប្រក្រតីបែបណា?»៕