ព័ត៌មានជាតិ

ក្រសួងសាធារណការ ណែនាំការស្នើសុំចុះបញ្ជី និងបន្ដសុពលភាពអាជ្ញាបណ្ណផ្លូវថ្នល់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (Video)

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ពីការស្នើសុំចុះបញ្ជី និងបន្តសុពលភាពអាជ្ញាបណ្ណផ្លូវថ្នល់ ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងនាថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា បណ្តាអង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន មានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ត្រូវមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ នៅក្រសួងដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម កំណត់ដោយ ក្រសួងសាធារណការ។

ក្រសួងបញ្ជាក់ថា «ចំពោះអង្គភាពរដ្ឋ និងឯកជន មានអាជ្ញាបណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ជិតផុតរយៈពេលសុពលភាព ឬមានបំណងចង់ផ្លាស់ប្តូរប្រភេទអាជ្ញាបណ្ណ ត្រូវដាក់ពាក្យស្នើសុំមក ក្រសួងសាធារណការឲ្យបានមុនថ្ងៃផុតសុពលភាពអាជ្ញាបណ្ណ យ៉ាងតិច៣ខែ ដោយភ្ជាប់មកជាមួយអាជ្ញាបណ្ណចាស់ក្នុងអំឡុងពេលសុពលភាព និងរបាយការណ៍សកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន»។

ក្រសួងបន្ថែមថា បុគ្គលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សា បច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ដោយគ្មានអាជ្ញាបណ្ណ ត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីផ្លូវថ្នល់៕

To Top