ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច បង្កើតក្រុមការងារ តាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជន ក្នុងទំព័រហ្វេសប៊ុក (Facebook Page) របស់សម្ដេច ឬហៅថា «ក្រុមការងារហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង»។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាថ្ងៃទី១៩ កក្កដា នេះ បានឲ្យដឹងថា ក្រុមការងារតាមដានការដោះស្រាយសំណើ សំណូមពរ និងមតិយោបល់របស់មហាជនក្នុងទំព័រហ្វេសប៊ុក (Facebook Page) របស់សម្ដេច ដឹកនាំដោយ នាយឧត្តមសេនីយ៍ ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ធកាល័យ សម្តេចក្រឡាហោម ស ខេង ជាប្រធាន រួមនឹងអនុប្រធាន និងសមាជិកចំនួន២៥រូបទៀត ៕