ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន៖ ក្នុងចំណោមវ៉ាក់សាំង៣ប្រភេទ វ៉ាក់សាំងស៊ីណូវ៉ាក់ របស់ចិន ចាក់ហើយស្រួលខ្លួនជាងគេ

ភ្នំពេញ៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លើយតបនឹងសំណួរ ដែលបានចោទសួរអំពីអាការៈ ក្រោយទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្នុងចំណោមវ៉ាក់សាំង ៣ប្រភេទ ដែលលោកបានចាក់ គឺមានតែវ៉ាក់សាំងចិន ស៊ីណូវ៉ាក់ទេ ចាក់ហើយស្រួលខ្លួនជាងគេ ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោករដ្ឋមន្ត្រីបានបង្ហោះខ្លឹមសារ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានរៀបរាប់ថា “មិត្តភក្តិសួរថាវ៉ាក់សាំងដូសទី ៥ ធ្វើទុក្ខយ៉ាងម៉េចខ្លះ ? ចំពោះខ្ញុំមិនមានគ្រុនញាក់ គ្រុនញ័រអីទេ មានក្តៅខ្លួនតែមួយល្ងាច តែលេបថ្នាំទៅបាត់ហើយ ។ អ្វីដែលធ្វើទុក្ខ គឺងុយគេងរហូត” ។

ក្នុងនោះដែរ លោក ខៀវ កាញ្ញារីទ្ធ បញ្ជាក់ថា “កាលចាក់ ស៊ីណូវ៉ាក់ គឺគេងលក់ស្រួល ចាក់ម៉ូឌែណា ធម្មតា ចាក់ Pfizer ធ្វើទុក្ខខ្សោយជង្គង់១០ថ្ងៃ ក្រោយដល់ដូសទី៥នេះ ងុយជាអចិន្ត្រៃយ៍តែម្តង តែថ្ងៃនេះជាថ្ងៃទី៥ ដូចជាធូរដូចគេថាមែនហើយ !” ។

គួរឲ្យដឹងថា ក្រសួងសុខាភិបាល បានជម្រុញដល់ពលរដ្ឋទាំងអស់ ឲ្យទៅទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ទាំងអស់គ្នា ទាំងដូសមូលដ្ឋាន និងដូសជម្រុញ ខណៈបច្ចុប្បន្ននេះ ពលរដ្ឋមួយចំនួនបានទទួលវ៉ាក់សាំង ដូសទី៥រួចហើយ៕

To Top