អង់ការ៉ា៖ ប្រទេសតួកគីកាលពីថ្ងៃពុធ បានបដិសេធការទទួលខុសត្រូវ ចំពោះការទម្លាក់គ្រាប់បែកដ៏សាហាវ ទៅលើរមណីយដ្ឋានមួយ នៅក្នុងតំបន់ពាក់កណ្តាល ស្វយ័តរបស់អ៊ីរ៉ាក់ Kurdistan ដោយជំរុញឱ្យអាជ្ញាធរអ៊ីរ៉ាក់ រក្សា “ឥទ្ធិពល និងការឃោសនា” របស់គណបក្សពលករឃឺដ (PKK) ។
ក្រសួងការបរទេសតួកគី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តួកគី អនុវត្តការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្មស្របតាមច្បាប់អន្តរជាតិ ដោយមានភាពរសើបបំផុត ចំពោះការការពារជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ទ្រព្យសម្បត្តិប្រវត្តិសាស្ត្រ និងវប្បធម៌ ធម្មជាតិ និងអំពើភេរវកម្ម។”
ក្រសួងបានកត់សម្គាល់ថា “តួកគី ត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការ ទាំងអស់ដើម្បីបំភ្លឺការពិត” ដោយអំពាវនាវឱ្យអាជ្ញាធរអ៊ីរ៉ាក់ សហការជាមួយទីក្រុងអង់ការ៉ា ដើម្បីស្វែងរក “ជនល្មើសពិតប្រាកដនៃការវាយប្រហារ” ។
ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់ផ្លូវការ បានរាយការណ៍ថា ការទម្លាក់គ្រាប់បែកបានវាយប្រហារ រមណីយដ្ឋានមួយនៅក្នុងភូមិ Parakh ក្នុងតំបន់ Zakho ក្នុងខេត្ត Duhok របស់ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ៩នាក់ និងរបួសចំនួន ២៣នាក់ ដែលសុទ្ធសឹងជាភ្ញៀវទេសចរ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ាក់ បានឲ្យដឹងថា ការទម្លាក់គ្រាប់បែកនេះធ្វើឡើង ដោយកងកម្លាំងតួកគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីខែមេសា កងទ័ពតួកគីបានបើកការវាយលុកលើដី និងផ្លូវអាកាសប្រឆាំងនឹងគោលដៅ PKK ឆ្លងកាត់ព្រំដែនរបស់ខ្លួននៅក្នុងតំបន់ Metina, Zap និង Avasin-Basyan នៃខេត្ត Duhok របស់ប្រទេសអ៊ីរ៉ាក់។
កងកម្លាំងតួកគីជារឿយៗ ធ្វើប្រតិបត្តិការជើងគោក ការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែកដោយកាំភ្លើងធំ នៅក្នុងប្រទេសអ៊ីរ៉ាក់ Kurdistan ជាពិសេសភ្នំ Qandil ដែលជាមូលដ្ឋាន សំខាន់របស់ពួកឧទ្ទាម PKK ៕
ប្រែសម្រួល ឈូក បូរ៉ា