ព័ត៌មានអន្តរជាតិ

រុស្ស៊ី ផ្លាស់ប្ដូរគោលដៅ លើសពីតំបន់ដុនបាស ក្រោយលោកខាងលិច បន្ដផ្ដល់ឲ្យអ៊ុយក្រែន នូវអាវុធរយៈចម្ងាយឆ្ងាយ

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា “គោលបំណងភូមិសាស្រ្ត” នៃប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ីនៅអ៊ុយក្រែន បានផ្លាស់ប្តូរនៅពេលដែលលោកខាងលិច កំពុងផ្តល់ឱ្យអ៊ុយក្រែននូវអាវុធ រយៈចម្ងាយឆ្ងាយបន្ថែមទៀត។

លោក Lavrov បានប្រាប់ទូរទស្សន៍ RT និងទីភ្នាក់ងារសារព័ត៌មាន RIA Novosti ក្នុងបទសម្ភាសន៍មួយថា ក្រៅពីទីក្រុង Lugansk និង Donetsk ប្រតិបត្តិការរុស្ស៊ី នឹងត្រូវពង្រីកទៅកាន់តំបន់ Kherson តំបន់ Zaporizhzhia និងទឹកដីផ្សេងទៀត ដើម្បីរុញខ្សែទំនាក់ទំនងឱ្យឆ្ងាយ។

លោកបានលើកឡើងថា “ដោយសារតែយើងមិនអាច អនុញ្ញាតឱ្យផ្នែកនៃអ៊ុយក្រែន ដែលប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី គ្រប់គ្រង ឬអ្នកណាជំនួសលោកឱ្យ មានអាវុធដែលនឹងគំរាមកំហែង ដោយផ្ទាល់ដល់ទឹកដីរបស់យើង និងទឹកដីនៃសាធារណរដ្ឋទាំងនោះ ដែលបានប្រកាសឯករាជ្យឡើយ” ។

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានត្រួតពិនិត្យក្រុមទាហានលោកខាងលិច ដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន។

លោក Shoigu បានបញ្ជាឱ្យយោធាបង្កើនសមត្ថភាព បំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែន និងការពារកងកម្លាំងអ៊ុយក្រែន ពីការបាញ់ផ្លោងតំបន់ “រំដោះ” ។ គួរបញ្ជាក់ថា ពីមុនលោក បានត្រួតពិនិត្យក្រុមទាហានភាគខាងត្បូង កណ្តាល និងខាងកើត ដែលចូលរួមក្នុងប្រតិបត្តិការយោធា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top