ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌ មានកម្ពុជា-ចិន បានប្រកាសគាំទ្រជំហរអ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត សកម្មជនបក្សភ្លើងទៀន ដែលបាននិយាយថា គណបក្សភ្លើងទៀន មិនឆោតល្ងង់ទៅចងសម្ព័ន្ធភាព ជាមួយអ្នកគ្មានភាពស្មោះត្រង់ ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) កាលពីថ្ងៃ២៦ កក្កដា បានរៀបចំសន្និសីទព័ត៌មាន ពីការប្រកាស ចងសម្ព័ន្ធនយោបាយនៅឆ្នាំ២០២៣ ជាមួយគណបក្សនយោបាយចំនួន៤ ក្នុងនោះក៏មានគណបក្សភ្លើងទៀនផងដែរ ដោយមានលោក សុន ឆ័យ ជាអ្នកចេញមុខ មកប្រកាសរួបរួម ដើម្បីឈានទៅប្រកួតប្រជែង ជាមួយបក្សកាន់អំណាចនៅឆ្នាំ២០២៣ ។
ក្រោយប្រកាសពីការចងសម្ព័ន្ធនយោបាយ នៅឆ្នាំ២០២៣ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រួចមក នាថ្ងៃ២៧ កក្កដា អ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត ឬហៅថា ស៊ិន រ៉ូហ្សេត ជាកូនប្រសាររបស់លោក អេង ឆៃអ៊ាងដែលគេដឹងថា លោកមានឥទ្ធិពលនៅពីក្រោយបក្សភ្លើងទៀតនោះ បានចេញមកវាយប្រហារ លើចងសម្ព័ន្ធនយោបាយនេះ ដែលមានលោក សុន ឆ័យជាអ្នកនាំមុខជាមួយបក្ស៤ផ្សេងទៀត ។
ខ្លឹមសារអ្នកនាង ស៊ិន រ៉ូហ្សេត បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃ២៧ កក្កដាថា «កាលៈទេសៈបែបនេះ គ្មានភាពចាំបាច់ណាមួយ ដែលយើងភ្លើងទៀន ត្រូវទៅរួបរួមជាមួយបក្សណាឡើយ ព្រោះយើងមិនឆោត ទៅចងសម្ព័ន្ធភាព ជាមួយអ្នកគ្មានភាពស្មោះត្រង់ ។យើងមិនល្ងង់ទៅបូកជាមួយអ្នកដែលវាយប្រហារមេយើង។ សំណើគ្មានយុទ្ធសាស្ត្រ រូបមន្តសេះហោះ គ្មានយុទ្ធសាស្ត្រ។ យើងមិនល្ងង់ទៅចងសម្ព័ន្ធភាពឡើយ» ។
ចំពោះការលើកឡើងនេះ លោក សយ សុភាព បានថ្លែងតាមរយៈហ្វេសប៊ុក នៅថ្ងៃ២៨ កក្កដាថា «ខ្ញុំសូមគាំទ្រជំហររបស់ប្អូនស្រី។ ប្អូនស្រីពិតជាមានបទសោធន៍ ខាងនយោបាយប្រសើរជាងមុន» ។
ជាមួយគ្នានេះលោក សយ សុភាព ក៏បានជូនពរអ្នកនាង ស៊ិន រ៉ូហ្សេត ឲ្យទទួលបានជោគជ័យ ចំពោះកិច្ចការនយោបាយ ហើយសង្ឃឹមថាអ្នកនាង អាចនឹងក្លាយជាអ្នកតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ។
ការចេញមកវាយប្រហាររបស់អ្នកនាង ស៊ិន រ៉ូហ្សេតជាកូនប្រសារលោក អេង ឆៃអ៊ាងនេះ ហាក់ បានខោកក្បាលលោក សុន ឆ័យ មួយក្រញ៉អីចឹង ដោយសារការផ្តួចផ្តើមរួបរួម បង្កើតចងសម្ព័ន្ធបក្សនយោបាយនេះ គឺលោក សុន ឆ័យជាអ្នកនាំ ។ ជាមួយគ្នានេះដែរ គ ប ម បន្ទាប់ពីឃើញសាររបស់អ្នកនាង ស៊ិន រ៉ូហ្សេត នេះក៏បានចេញមកផ្តែផ្តាំ ទៅដល់សមាជិក-សមាជិការបស់ខ្លួន កុំឲ្យតបតទៅវិញផងដែរ ដោយរត្រូវរក្សាភាពស្ងៀមស្ងាត់ ព្រោះការជេរគ្នាទៅវិញទៅមក មិនបានផ្តល់ផលប្រយោជន៍អ្វីនោះទេ៕