ព័ត៌មានជាតិ

កូនដំរីព្រៃញី១ក្បាលទៀតហើយ បាត់បង់ជីវិត នៅមណ្ឌលគិរី

ភ្នំពេញ ៖ កូនដំរីព្រៃញី១ក្បាលទៀត ដែលទើបកើតប្រហែលមួយ សប្តាហ៍ត្រូវបានបាត់បង់ជីវិត ក្នុងដែនជម្រកសព្វព្រៃភ្នំពេច ខេត្តមណ្ឌលគិរី ដោយមានស្ថានភាពធ្ងន់ធ្ងរនៅត្រង់អវៈយវៈ ។

កាលពីថ្ងៃទី១៧ មករា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញកូនសត្វដំរីព្រៃញី១ក្បាល កំពុងដេកដួលនៅចំណុចព្រៃសាក្រឹត ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងស្ថានភាពហត់អស់កម្លាំងខ្លាំង ដោយមានជំងឺនៅត្រង់អវៈយវៈ និងមាត់ ស្ថិតនៅក្រោមបរិយាកាស និងអាកាសធាតុក្តៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមការងារបានអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ មានការចូលរួមពីអង្គការដៃគូដែលអាចធ្វើឲ្យកូនសត្វដំរីព្រៃ១ក្បាលនេះ ងើបឈរ និងដើរបាន។ ក្រុមការងារបានខិតខំជួយសង្គ្រោះដោយបន្តការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីអាចឲ្យកូនសត្វដំរី១ក្បាលនេះ ឆាប់ជាសះស្បើយពីស្ថានភាពជំងឺ។

មន្ទីរបរិស្ថានបញ្ជាក់ថា «ប៉ុន្តែជាអកុសលនៅវេលាយប់ថ្ងៃទី១៩ មករា កូនសត្វដំរីព្រៃ១ក្បាលនេះ ចាប់ផ្ដើមអស់កម្លាំង លែងកម្រើក លែងទទួលចំណី និងទឹក រហូតដល់វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២០ មករា ស្ថានភាព និងអាការៈរោគសញ្ញាជំងឺរបស់កូនសត្វដំរី១ក្បាលនេះ បានបាត់បង់ជីវិតគួរឲ្យសង្វេគ»។

សូមរំលឹកថា នាពេលថ្មីៗនេះ ក៏មានកូនដំរី១ក្បាល បានបាត់បង់ជីវិតជាប់ព្រំប្រទល់រវាង ខេត្តរតនគិរី និងមណ្ឌលគិរី ។ បច្ចុប្បន្នកម្ពុជាមានសត្វដំរីព្រៃ ជាង៥០០ក្បាល ។ ក្នុងនោះ តាមការសិក្សាសត្វដំរីព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា មាន១១០ក្បាល នៅតំបន់ជួរភ្នំក្រវ៉ាញជិត២០០ក្បាល និងរស់នៅក្នុងតំបន់ការពារធម្មជាតិនានា របស់កម្ពុជាផ្សេងទៀត ៕ ដោយ ៖ អេង ប៊ូឆេង

To Top