ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសអញ្ជើញបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលដែលជំទាស់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មកទទួលការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ដើម្បីជម្រះចោលនូវកង្វល់មិនត្រឹមត្រូវនានា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងយុត្តិធម៌ នាថ្ងៃទី២៩ កក្កដា បានបញ្ជាក់ថា កន្លងទៅនេះ, តំណាងរាជរដ្ឋាភិបាល បានបកស្រាយបំភ្លឺអំពីខ្លឹមសារ និងគោលបំណងនៃការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ហើយក៏បានឆ្លើយតប ដើម្បីបំភ្លឺទៅនឹងកង្វល់នានា ឬការលើកឡើងនានា ឬការយល់ដឹងនានា ដែលមិនមានមូលដ្ឋានច្បាស់លាស់ និងដែលមិនមានលក្ខណៈត្រឹមត្រូវ ជុំវិញសំណើធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ។
ក្រសួង បញ្ជាក់បន្ថែមថា «ប៉ុន្តែ ទោះបីជាយ៉ាងនេះក្តី ដើម្បីធានាឱ្យបាននូវការយល់ដឹង កាន់តែច្បាស់អំពីខ្លឹមសារពិតប្រាកដ និង គោលបំណងពិតប្រាកដនៃ ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌ មានកិត្តិយសសូមគោរពអញ្ជើញ គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិលណា ដែលយល់ថា ឬអះអាងថា ការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ ប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ឬរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ឬរបបសភានិយម នៅកម្ពុជា ចូលរួមជំនួបពិភាក្សា ដើម្បីក្រសួងយុត្តិធម៌ អាចពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀត ជាពិសេស ដើម្បីជម្រះចោលនូវកង្វល់ មិនត្រឹមត្រូវនានាជុំវិញការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ»។
ក្រសួង បន្ថែមថា ជំនួបនេះនឹងត្រូវធ្វើឡើងនៅ ទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២, ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ១៤:៣០ នាទី តទៅ អាស្រ័យទៅតាមសំណើ និងពេលវេលារបស់គណបក្សនយោបាយ ឬអង្គការ សង្គមស៊ីវិល។ ចំពោះគណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលមានបំណងជួបក្រសួងយុត្តិធម៌ តាមការ អញ្ជើញនេះ សូមមេត្តាទាក់ទងឱ្យបានមុនថ្ងៃជួបមួយថ្ងៃ ដើម្បីចុះឈ្មោះ និងកំណត់កាលបរិច្ឆេទជួប តាមរយៈ៖ (១)-លោក ទីវ សូផុណ្ណារតន៍ ០៦១ ៤៩៩ ៩៦៤ ឬ (២)-កញ្ញា ឈួន មរកត ០៧០ ៨៤០ ៥៨៥។
ដើម្បីធានាបានតម្លាភាពនៅក្នុងជំនួបនេះ, ក្រសួងយុត្តិធម៌ ក៏ប្រកាសអញ្ជើញអ្នកសារព័ត៌មាន មេត្តាតាមដាន និងយកព័ត៌មានដោយផ្ទាល់ពីជំនួបនេះ ទៅតាមកាលបរិច្ឆេទ ដែលក្រសួងយុត្តិធម៌ នឹងជម្រាបជូនតាមក្រោយ បន្ទាប់ពីទទួលបានសំណើ ពីសំណាក់គណបក្សនយោបាយ ឬអង្គការសង្គមស៊ីវិល ដែលឆ្លើយតបទៅនឹងការអញ្ជើញ ជាសាធារណៈរបស់ក្រសួងយុត្តិធម៌ ៕