កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានថ្លៃថា នៅឆ្នាំ ២០ ២០ នេះថវិកាជាតិ សម្រាប់ រដ្ឋបាលឃុំ សង្កាត់ បានកើនឡើងដល់ទៅជាង ១២ ម៉ឺនដុល្លារ ក្នុងនោះ ថវិកាមូលនិធិយ៉ាង តិច ៧ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍មូល ដ្ឋាន ដើម្បីជាប្រយោជន៍ជូនប្រជាពលរដ្ឋ ។
នេះជាការលើកឡើង របស់លោកអភិ បាលខេត្ត នៅព្រឹកថ្ងៃទី ២០ ខែមករាឆ្នាំ ២០២០ នៅ សាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០ ២០។
លោកអភិបាលខេត្តបានថ្លែងថា នៅឆ្នាំ ២០២០ នេះ ថវិកាជាតិ សម្រាប់រដ្ឋបាលថ្នាក់ឃុំ សង្កាត់ និងធ្វើការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានរបស់ខ្លួន មានការកើនឡើងជាងឆ្នាំមុន ពោលគឺ រាជរដ្ឋាភិបាល បានផ្ដល់ជូន សំរាប់ រដ្ឋបាលឃុំ សង្កាត់នីមួយៗយ៉ាងទាបបំផុត ជាង ១២ ម៉ឺនដុល្លារសហរដ្ឋ អាមេរិក ចំណែចថវិកាសម្រាប់មូលនិធិឃុំ សង្កាត់ យាងតិច ៧ ម៉ឺនដុល្លាគឺបានកើនឡើងទ្វេដង នៃឆ្នាំកន្លងទៅ ។ ដូច្នេះក្នុងឆ្នាំ ២០ ២០នេះ អាជ្ញាធរខេត្តយើង រំពឹងទុកថា ការអភិវឌ្ឍន៍តាមមូលដ្ឋានឃុំ សង្កាត់ នឹងមានការកើនឡើង សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង ។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏ បានថ្លែងក្រើនរំលឹកដល់មន្ត្រីរដ្ឋបាលឃុំ -សង្កាត់ទាំងអស់ ពិសេសគឺស្មៀន ត្រូវខិតខំប្រឹងប្រែងបង្កើនសមត្ថភាពនៅក្នុងការរៀបចំឯកសារ ធ្វើរបាយការណ៍ និងគ្រប់គ្រងថវិកាចំណាយ ឲ្យចំទិសដៅ ដែលប្រជាពលរដ្ឋយើងលោកកំពុងតែរង់ចាំ ។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានដាក់វិធានការ ក្នុងក្របខណ្ឌរដ្ឋបាលខេត្តកំពង់ចាមឆ្នាំ ២០២០ ឱ្យរតនាគារខេត្តសហការជាមួយមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ រួមនិងទីចាត់ការផែនការ និងវិនិយោគ ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញ ផ្ដល់ចំណេះដឹងបន្ថែមដល់ស្មៀនឃុំ សង្កាត់ទាំង ១០៩ ។ ហើយ រាល់ការបណ្ដុះ បណ្ដាលនានា សូមឲ្យមានវត្តមានស្មៀន ឃុំ សង្កាត់ ចូលរួមជាចាំបាច់ នឹងមកជាមួយនូវជំនួយការឃុំ សង្កាត់ យ៉ាងហោច ណាស់បានគ្នាពីរនាក់ គ្រាន់ទទួលបានចំណេះដឹង ជួយធ្វើកិច្ចការគ្នា នៅក្នុង អង្គភាពរបស់ខ្លួន នាពេលខាងមុខ ៕