ព័ត៌មានជាតិ

ក្រសួងបរិស្ថានបញ្ជាក់ថា ខ្យល់នៅកម្ពុជា មានគុណភាពល្អ ប្រសើរឡើងវិញ

ភ្នំពេញ ៖ ក្រោយពីទទួលនូវដំណឹងថា កម្ពុជាទទួលរង ឥទ្ធិពលខ្យល់អាក្រក់ ពីបណ្តាប្រទេសមួយចំនួននោះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន បានប្រកាសជាថ្មី តាមការអង្កេតគុណភាពខ្យល់ ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ នៅទូទាំងប្រទេស ឃើញថា ស្ថានភាពគុណភាពខ្យល់ នៅកម្ពុជា មានគុណភាពល្អប្រសើរឡើងវិញ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាននៅថ្ងៃ២០ មករាបានបញ្ជាក់ថា «តាមលទ្ធផល នៃការអង្កេត តាមដានគុណភាពខ្យល់ ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ នៅទូទាំងប្រទេស ស្ថានភាពគុណភាពខ្យល់ នៅរាជធានីភ្នំពេញមានគុណភាពល្អ ប្រសើរឡើងវិញហើយ ដោយប៉ារ៉ាម៉ែត្រ កំហាប់ភាគល្អិតនិចល PM2.5 បានស្ថិតនៅក្រោមកម្រិតស្តង់ដារកំណត់។ ចំណែកស្ថានភាព គុណភាពខ្យល់ នៅតាមបណ្តាខេត្តនានា ក៏មានគុណភាពល្អផងដែរ»។

មន្ត្រីជំនាញក្រសួងបរិស្ថាន នៅតែតាមដានបន្តទៀត លើស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ប្រសិនបើមានអ្វីប្រែប្រួល ក្រសួងបរិស្ថាន នឹងជម្រាបជូនដំណឹងភ្លាមៗ ៕

ដោយ ៖ អេង ប៊ូឆេង

To Top