ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ថ្កោលទោស ឥរិយាបថ អសីលធម៌ កំពុងបំពុលសង្គម នាពេលបច្ចុប្បន្ន

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី អនុប្រធាន គណៈកម្មាធិការជាតិលើក កម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរបានធ្វើការថ្កោលទោស យ៉ាងពេញទំហឹង ចំពោះឥរិយាបថអសីលធម៌ ទាំងឡាយណា គួរឲ្យស្អប់ខ្ពើម ដែលជាទង្វើដ៏អាក្រក់ និងប្រកបដោយគ្រោះថ្នាក់ ដល់សង្គមជាតិ នាពេលបច្ចុប្បន្ននេះ ។

ថ្មីៗនេះ មានច្រើនករណី ដែលក្រុមក្មេងៗទាំងយុវជន និងយុវនារីជាសិស្សសាលា តាំងខ្លួនជាអ្នកទំនើង បានវាយទាត់ធាក់គ្នា នៅក្នុងសាលាផ្ទួនៗគ្នា ដែលនេះបានជះឥទ្ធិពលអាក្រក់ យ៉ាងខ្លាំងដល់សង្គមជាតិ ។ ក្នុងនោះ មានក្មេងស្រីនៅស្រុកមេសាង បានគំរាមវាយក្មេងស្រីមួយក្រុមទៀត ដែលជិះម៉ូតូមកលេងស្រុកខ្លួន ។ ចំណែកមួយក្រុមទៀត បានទៅវាយសិស្សស្រីម្នាក់ នៅសាលាផ្សារដើមថ្កូវ និងមានក្មេងប្រុស ជាសិស្សសាលាអន្តរជាតិអាមេរិកាំង AIS បានវាយសិស្ស សិក្សានៅសាលាជាមួយគ្នា រហូតដល់ស្លាប់ ។

តាមសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០របស់លោកស្រី ជូរ ប៊ុនអេង បានឲ្យដឹងថា លោកស្រីមានអារម្មណ៍រន្ធត់ និងក្ដីបារម្ភជាខ្លាំង នៅពេលបានឃើញ ការផ្លាស់ប្តូរឥរិយាបថ អវិជ្ជមានក្នុងសង្គមជាតិ ។ នេះជាអំពើដ៏អាម៉ាស និងគួរសោកស្តាយជាខ្លាំង ដែលមិនគួរកើតមាននៅកម្ពុជា ។

សេចក្ដីថ្លែងការណ៍ឲ្យដឹងទៀតថា “ខ្ញុំសូមថ្កោលទោសយ៉ាងពេញទំហឹង ចំពោះឥរិយាបថអសីលធម៌ទាំងឡាយណា ដែលគួរឲ្យស្អប់ខ្ពើមនេះថា ជាទង្វើដែលអាក្រក់ និងប្រកបដោយគ្រោះថ្នាក់ដល់សង្គមជាតិ ដែលមិនអាចអត់ឱនបាន ព្រោះបានបំផ្លាញដល់សេចក្តីសុខក្សេមក្សាន្ត អាយុជីវិតរបស់បុគ្គល ភាពសុខុដុមរមនា កិត្តិយស សេចក្តីថ្លៃថ្នូរវប្បធម៌ ដ៏ប្រពៃជាតិដ៏ល្អផូរផង់ និងភាពរីកចម្រើនរបស់សង្គមជាតិ” ។

ក្នុងឱកាសនោះ រដ្ឋលេខាធិការក៏បានអំពាវនាវ ដល់មាតាបិតា អាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នតុលាការ លោកគ្រូ-អ្នកគ្រូ ថ្នាក់ដឹកនាំ គ្រប់ក្រសួងស្ថាប័ន អង្គភាព គ្រប់លំដាប់ថ្នាក់ ចូលរួមលើកកម្ពស់គុណធម៌ សីលធម៌វិជ្ជាជីវៈ កសាងភាពជាគម្រូល្អៗ ដើម្បីអប់រំទូន្មានប្រៀនប្រដៅបុត្រធីតា សិស្សានុសិស្ស យុវជនយុវនាវី ឲ្យប្រព្រឹត្តតែអំពើល្អ សម្រាប់ខ្លួនឯង អ្នកដទៃ និងសង្គមជាតិ ជៀសវាងឥរិយាបថ សាហាវឃោរឃៅ ថោកទាប គួរឲ្យស្អប់ខ្ពើម និងចូលរួមអនុវត្តច្បាប់ ឲ្យបានម៉ឺងម៉ាត់ ដោយមិនលើកលែងចំពោះជនដៃដល់ និងអ្នកចូលរួមសមគំនិតទាំងឡាយ ដើម្បីជាការរលឹកដាស់តឿន និងបង្កាទប់ស្កាត់ផងដែរ ៕ ដោយ៖ធី លីថូ

To Top