កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នេះ ពិធីផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន បានមកដល់ទឹកដី ខេត្តកំពង់ឆ្នាំងហើយ បន្ទាប់ពីលោកបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកយុទ្ធនាការ ផ្សព្វផ្សាយចំនួន ៩០ថ្ងៃ ស្តីពីការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីផ្សព្វផ្សាយខាងលើ បានថ្លែងថា៖ យុទ្ធនាការផ្សព្វផ្សាយ រយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍ តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
លោកអគ្គនាយក ប.ស.ស. បានបន្តទៀតថា៖ ការយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់ អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយក្តីជឿជាក់ និងពេញចិត្ត។
លោកអគ្គនាយក ប.ស.ស. បានបញ្ជាក់ទៀតថា៖ ការចូលរួមអនុវត្តនូវកាតព្វកិច្ចរបស់បងប្អូន ក្នុងប្រព័ន្ធសន្តិសុខសង្គម គឺជាការជួយគ្នាទៅវិញទៅមកនៅពេលយើង ទទួលរងនូវហានិភ័យ ដែលពាក់ព័ន្ធទៅនឹងជីវភាពរស់នៅ ដែលជាគោលនយោបាយ នៃការចែករំលែកក្នុងការរួបរួមគ្នា តាមគោលការណ៍សាមគ្គីធម៌សង្គម។
លោកអគ្គនាយក ប.ស.ស. បានបង្ហាញឱ្យដឹងទៀតថា ៖ គិតរហូតមកដល់ពេលនេះ មានបងប្អូនកម្មករនិយោជិត សរុបប្រមាណជាង ១៣ម៉ឺននាក់ទៅហើយ ដែលទទួលបានការផ្សព្វផ្សាយ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរយៈក្រុមការងារត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ក្នុងចំនួន ជាង ៤៦០លើក ត្រឹមតែរយៈពេលជិត ១ខែ កន្លងមកនេះ។
លោកអគ្គនាយក ប.ស.ស. បានបន្តថា៖ ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសជាមួយគ្នានេះ លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តរបបសន្តិសុខសង្គម នៅកម្ពុជា ដែលបានបម្រើសេវាជូនសមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។
ឯកឧត្តមអភិបាលរង ក៏បានអំពាវនាវ ទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ក្នុងខេត្តកំពង់ឆ្នាំង ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាកាដូដ៏ពិសេសបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា៕