បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសស៊ែប៊ី លោក Aleksandar Vucic នឹងមិនរំពឹងទុក ថាទទួលបានអ្វីឡើយ ចេញពីកិច្ចប្រជុំជាមួយនឹង រដ្ឋាភិបាលកូសូវ៉ូ នៅពេលខាងមុខនេះ។
ថ្លែងទៅកាន់ទូរទស្សន៍ RTS TV កាលពីថ្ងៃម្សិលមិញដដែលនេះ លោក Vucic ក៏បានប្រើប្រាស់ពាក្យរិះគន់មួយចំនួន ទៅលើនាយករដ្ឋមន្ត្រី កូសូវ៉ូ លោក Albin Kurti ផងដែរ ដោយបានលើកឡើងពី អត្តចារិត របស់លោក Kurti ចំពោះរដ្ឋាភិបាលក្រុង Belgrade របស់លោកហើយរិះគន់ ក្រុមអ្នកមានជំនឿជឿជាក់ថា កិច្ចប្រជុំនេះ នឹងអាចរក្សាសន្តិភាពក្នុងតំបន់បាននោះ គឺជាការគិតគូរខុសទាំងស្រុង។
លោក Vucic បានថ្លែងបែបនេះថា៖ ខ្ញុំនឹងទៅចូលរួមប្រជុំ នៅក្នុងប្រ៊ូស៊ែល ពីព្រោះថាវាមិនមានអ្វីពិបាកឡើយ សម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំនឹងមិនរំពឹងទុកថា អាចទទួលលទ្ធផលអ្វី ពីកិច្ចប្រជុំឡើយ ជាពិសេស ការពិភាក្សាជាមួយនឹង លោក Kurti។ ខ្ញុំជឿជាក់ថាអ្នកដែលបានគិតទុកមុនថា វាគឺជាកិច្ចប្រជុំដែលទទួលបាន ផលជាវិជ្ជមាននោះ គឺជាការគិតគូរដែលខុសទាំងស្រុង ពីព្រោះថាខ្ញុំស្គាល់ច្បាស់ អំពីមនុស្ស
ដែលខ្ញុំនឹងត្រូវទៅជួបពិភាក្សា ជាមួយគ្នា នោះច្បាស់ណាស់។
គួរឲ្យដឹងដែរថាភាពតានតឹង រវាងរដ្ឋាភិបាលស៊ែប៊ី និងរដ្ឋាភិបាលតំបន់កូសូវ៉ូ បានកើតឡើងតាំងតែ ពីចុងសប្តាហ៍នៅពេល ដែលរដ្ឋាភិបាលកូសូវ៉ូ ប្រកាសដាក់បម្រាម ដល់យានយាន្ត និងពលរដ្ឋទាំងឡាយណា
ដែលប្រើប្រាស់ ស្លាកលេខ របស់ស៊ែប៊ី និងអត្តសញ្ញាណ ស៊ែប៊ី ផងដែរនៅក្នុងតំបន់របស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី