ព័ត៌មានជាតិ

ក្រសួងប្រកាសថា ចាប់ពីថ្ងៃនេះដល់២៧ មករា សីតុណ្ហភាពមានពី ១៩អង្សាសេ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា នៅតំបន់មួយចំនួន នឹងចុះត្រជាក់ពី១៩អង្សាសេ ចាប់ពីថ្ងៃទី២១-២៧ ខែមករា ឆ្នាំ២០២០ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅថ្ងៃ២១ មករា នេះបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាប់ជាបន្តសង្កេតឃើញ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយគ្របដណ្តប់លើកម្ពុជា ។

ក្រសួងបន្តថា ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី២១-២៧ មករា តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាពី១៩-២២°C ហើយសីតុណ្ហភាពអតិបរមា ពី២៩-៣១°C។

តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ។

ចំពោះតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា ពី២២-២៤°C និងសីតុណ្ហភាពអតិបរមា ពី៣១-៣៣°C។

ជាមួយគ្នានោះដែរ ក្រសួងបានឲ្យដឹងថា នៅបណ្តាខេត្តមាត់សមុទ្រ អាចមានភ្លៀងក្នុងកម្រិតតិចតួច ៕

To Top