ព័ត៌មានជាតិ

សិស្សសាលាចំនួន១០នាក់ នៅខេត្តស្វាយរៀង ដួលសន្លប់ជាបន្តបន្ទាប់ ដោយសារអាកាសធាតុក្តៅហួតហែង

ស្វាយរៀង៖ មានករណីសិស្ស នៅអនុវិទ្យាល័យខ្ជាយ មានសភាពវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងសន្លប់ ចំនួន ៦ នាក់ស្រី និងសិស្សវិទ្យាល័យ ហ៊ុន សែន ប្រសូតិចំនួន៤នាក់ មានអាការៈមិនស្រួលខ្លួន ក្រោយពីបានបញ្ចូន មកដល់មន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ។

លោកវ៉ា វុទ្ធី អនុប្រធានការិយាល័យអប់រំ យុវជននិងកីឡាស្រុកស្វាយទាប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២០នេះថា ករណី សិស្សនៅវិទ្យាល័យហ៊ុន សែន ប្រសូតិម្នាក់មានអាការៈមិនស្រួលវិលមុខ សិស្សដទៃឃើញដូច្នេះ មានអារម្មណ៍ភ័យ ក៏វិលមុខតាមគ្នា ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យប្រតិបត្តិស្រុក ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកសិស្សនៅអនុវិទ្យាល័យខ្ជាយ ក៏មានអាការៈថប់ដង្ហើម វិលមុខ សន្លប់ អស់កម្លាំងក៏ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុកភ្លាមៗ បច្ចុប្បន្នសិស្សានុសិស្សទាំងអស់ មានអាការៈធូរស្បើយវិញហើយ។

លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឲ្យដឹងថា ករណីសិស្សដួលសន្លប់ នៅអនុវិទ្យាល័យខ្ជាយចំនួន ៦នាក់ស្រី និងវិទ្យាល័យ ហ៊ុន សែន ប្រសូតិចំនួន ៤ នាក់ស្រី ។

ដោយឆ្លងកាត់តាមការចុះពិនិត្យជាក់ស្តែង ជាមួយប្រធានមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប និងមន្ត្រីមន្ទីរសុខាភិបាលខេត្តស្វាយរៀង ដល់ទីកន្លែងផ្ទាល់ ជាមួយការិយាល័យអប់រំស្រុកស្វាយទាប និងលោក លោកស្រីអភិបាលរងស្រុក បានធ្វើការសន្និដ្ឋានជាបឋមថា បញ្ហាដួលសន្លប់ បណ្ដាលមកពីអាកាសធាតុហួតហែង សាលារៀនពុំមានកង្ហាល់ប្រើប្រាស់ សិស្សតមចំណីអាហារសម្រកទម្ងន់ សិស្សមានសុខភាពខ្សោយ។

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា កាលពីល្ងាចមិញនេះ ដោយមានការណែនាំដោយផ្ទាល់ ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកបានចុះទៅផ្ទាល់ ដើម្បីសួរសុខទុក្ខសិស្សានុសិស្ស ចំនួន ១០នាក់ ដែលវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម សន្លប់ និងអស់កំលាំង ចូលសម្រាក នៅមន្ទីរពេទ្យបង្អែកស្វាយទាប ដែលដួលសន្លប់នេះ ដើម្បីរកមូលហេតុឲ្យច្បាស់លាស់។

សូមបញ្ជាក់ថា ករណីសិស្សដួលសន្លប់នេះ បានកើតឡើង កាលពីល្ងាចម៉ោង៤និង៤០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០៕

To Top