ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានបញ្ជាឱ្យមានការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគវីរុសកូរ៉ូណាវីរុស ដែលបណ្តាលឱ្យមាន ករណីជំងឺរលាកសួត។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយណែនាំទាក់ទង នឹងស្ថានភាពជំងឺរលាកសួត លោកស៊ី ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានសង្កត់ធ្ងន់ថា ការដាក់សុវត្ថិភាព និងសុខភាពប្រជាជន ជាអាទិភាពកំពូល ។
សូមជម្រាបថា គិតត្រឹមម៉ោង ៦ ល្ងាច ថ្ងៃច័ន្ទ មានករណីជំងឺរលាកសួតសរុបចំនួន ២២៤ ករណី ដែលបណ្តាលមកពីវីរុសថ្មីនេះ ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិន។ ក្នុងចំណោមពួកគេ គឺមាន ២១៧ នាក់ត្រូវបានបញ្ជាក់ថាមាន ហើយ ៧ នាក់ទៀត នៅតែសង្ស័យ។
នៅបរទេស ករណីនៃវីរុសនេះត្រូវបានបញ្ជាក់នៅប្រទេសជប៉ុនមាន ១ករណី , នៅថៃ មាន ២ ករណី និងនៅសាធារណរដ្ឋកូរ៉េ មាន ១ករណីដែរ៕
ប្រែសម្រួលៈ ណៃ តុលា