ព័ត៌មានអន្តរជាតិ

ទីក្រុងសេអ៊ូល ពិចារណារកផ្លូវ រក្សាកិច្ចពិភាក្សាគ្នា ជាមួយកូរ៉េខាងជើង ស្តីពីដំណើរទេសចរណ៍បុគ្គល

បរទេស ៖ មន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងសេអ៊ូលកំពុងតែពិចារណារកផ្លូវរក្សាកិច្ចពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងចើង ស្តីពីការអនុញ្ញាត ឲ្យប្រជាជនរបស់ខ្លួន ធ្វើដំណើរទៅប្រទេសកុម្មុយនិស្តឯកោនេះ តាមលក្ខណៈឯកជន ដោយសង្កត់ធ្ងន់ថា បញ្ហានោះមិនមែនជាកម្មវត្ថុ នៃទណ្ឌកម្មអន្តរជាតិនោះទេ។

មន្ត្រីក្រសួងកូរ៉េខាងត្បូង តាមសេចក្តិរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “យើងកំពុងតែពិចារណាពីជម្រើសផ្សេងៗគ្នា ស្តីពីដំណើរទេសចរណ៍កម្រាន្តឯកជន ទៅកាន់ប្រទេសកូរ៉េខាងជើង ដោយរួមបញ្ចូលទាំងរបៀបដែលយើងនឹងពិគ្រោះគ្នាជាមួយកូរ៉េខាងជើង ជុំវិញបញ្ហានេះ ហើយនឹងមានរឿងត្រូវពិភាក្សាគ្នា រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល រួមទាំងបញ្ហាសន្តិសុខ”។

គួរបញ្ជាក់ថា ការពិចារណារបស់ទីក្រុងសេអ៊ូល លើការធ្វើដំណើរទេសចរណ៍ បែបបុគ្គលទៅកូរ៉េខាងជើងនេះ បានទទួលការចាប់អារម្មណ៍ច្រើន បន្ទាប់ពីលោកប្រធានាធិបតី មូន ជេអ៊ីន កាលពីសប្ដាហ៍មុន បានលើកឡើងថា វាជាមធ្យោបាយអាចទៅរួច ដើម្បីពង្រីកការផ្លាស់ប្តូរមតិយោបល់ រវាងកូរ៉េទាំងពីរ ដោយមិនបំពានទណ្ឌកម្មអង្គការ សហប្រជាជាតិ លើកូរ៉េខាងជើង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top