ព័ត៌មានជាតិ

ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូននវកាយរឹទ្ធិ កងឯកភាព វិទ្យាល័យស្វាយរៀង ចំនួន១២០នាក់

ស្វាយរៀង ៖ លោកឯក សាម៉ុល ស្នងការកម្មវិធីយុវជន កាយរីទ្ធិជាតិកម្ពុជា ខេត្តស្វាយរៀង តំណាងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក យស់ ពៅ មេកងឯកភាពកាយឫទ្ធិ វិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានធ្វើពិធីសច្ចាប្រណិធាន និងបំពាក់កន្សែង ជូនដល់នវកាយរឹទ្ធិ កងឯកភាពវិទ្យាល័យស្វាយរៀង ចំនួន១២០នាក់ ស្រី៦១នាក់ ។

ពិធីនេះមានការចូលរួម ពីគណៈកម្មាធិការយុវជនកាយរីទ្ធិ ថ្នាក់ខេត្ត និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យស្វាយរៀង ជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនេះលោកយស់ ពៅ មេកងឯកភាព កាយរីទ្ធិវិទ្យាល័យស្វាយរៀង បានថ្លែងនូវអំណរគុណ ដល់ លោកគ្រូ អ្នកគ្រូដែលជាគណៈកម្មាធិការ យុវជនកាយរឹទ្ធិថ្នាក់ខេត្ត ព្រមទាំងសិស្សានុសិស្ស ដែលជាសមាជិកកាយរិទ្ធ ទាំងអស់ ដែលបានធ្វើពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងនៅថ្ងៃនេះ គឺបានលះបង់យ៉ាងធំធេង សម្រាប់ការងារមនុស្សធម៌ ពិសេសក្មួយៗត្រូវចាំថា ចលនាកាយរីទ្ធិ គឺរួមចំណែកក្នុងការអភិវឌ្ឍកុមារ និងយុវជន ឲ្យមានសក្តានុពល ពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអាវេគភាព (គ្រប់គ្រងអារម្មណ៍) ដើម្បីឲ្យក្លាយទៅជាពលរដ្ឋ មានទំនួលខុសត្រូវ នឹងទៅជាសមាជិក សហគមន៍តាមមូលដ្ឋាន រស់នៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

លោកគ្រូយស់ ពៅបានបញ្ជាក់ថា យុវជនកាយរីទ្ធិ គឺដើរតួរយ៉ាងសំខាន់នៅក្នុងសាលារៀន ក្នុងសង្គមនឹង ក្លាយជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត ដូច្នេះក្មួយៗត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា និងស្តាប់បង្គាប់មាតាបិតា គោរពលោកគ្រូអ្នកគ្រូ និងបទបញ្ជាវិន័យ របស់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាកុមារ៣ល្អគឺសិស្សល្អ កូនល្អ មិត្តល្អ នឹងមិនត្រូវយកតួនាទីជាកាយរឹទ្ធិ ប្រព្រឹត្តអំពើ ដែលខុសច្បាប់នោះឡើយ។

នៅក្នុងឱកាសនោះ លោកឯក សាម៉ុល ស្នងការកម្មវិធីយុវជន កាយរីទ្ធិជាតិកម្ពុជា ខេត្តស្វាយរៀង បានថ្លែងផ្តាំផ្ញើរដល់ក្មួយៗ ជាយុវជនកាយរីទ្ធិកងឯកភាព វិទ្យាល័យស្វាយរៀង ត្រូវគោរពច្បាប់កាយរិទ្ធទាំង១០ ប្រការនិងអនុវត្តន៍ តាមពាក្យសច្ចាប្រណិធាន របស់កាយរីទ្ធិឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវអនុវត្ត ទៅតាមពាក្យស្លោក របស់កាយរីទ្ធ គឺធ្វើអំពើរល្អឲ្យបាន១ក្នុង១ថ្ងៃយ៉ាងតិច ។

លោកបានបន្តថា ក្មួយៗត្រូវចាំថា កាយរឹទ្ធិកាយ, កាយគឺកាយសម្បទានិងរឹទ្ធិគឺអំណាច ដូច្នេះសូមក្មួយត្រូវថែរក្សាសុខភាពឱ្យបានល្អ ហើយយុវជនកាយរឹទ្ធិ ត្រូវប្រកបដោយឆន្ទះ និងលើកស្ទួយតំលៃ របស់យុវជន ព្រោះក្មួយៗជាសរសរទ្រូង នៃប្រទេសជាតិ ប្រកបដោយចំណេះ ជំនាញ ពិតប្រាកដ លើកស្ទួយកិត្យានុភាពជាតិ ឱ្យបានថ្កុំថ្កើនសាកសមជាយុវជនបន្តវេន ដែលមានមនសិការស្នេហាជាតិ មាតុភូមិនិងគោរពបូជា ឱ្យអស់ពីចិត្តថ្លើមគឺជាតិ សាសនា ព្រះមហាក្សត្រ ៕

To Top