អាប៊ូចា៖ យោងតាមសារជីវកម្ម ប្រេងកាតជាតិ របស់រដ្ឋ នៃប្រទេសនីហ្សេរីយ៉ា ហៅកាត់ថា (NNPC)បានឲ្យដឹងនៅថ្ងៃចន្ទថា ចំនួននៃអ្នកស្លាប់ ដោយសារផ្ទុះឆេះបំពង់ បង្ហូរប្រេងមួយកន្លែង នៅក្រុង Lagos ដែលជាតំបនសេដ្ឋកិច្ច ពិសេសរបស់ប្រទេស នីហ្សេរីយ៉ា បានកើនដល់៥នាក់ ។ ទីភ្នាកងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។
ទីភ្នាក់ងារគ្រប់គ្រង សង្គ្រោះបន្ទាន់ជាតិ បាននិយាយថា កាលពីដំបូងឡើយ មានសាកសពតិចបំផុត២នាក់ ដែលបានរកឃើញ ក្រោយពីមានហេតុការណ៍ផ្ទុះកាលពីយប់ថ្ងៃអាទិត្យ នៅក្នុងតំបន់ Alimosho Lagos ដែលបង្កឲ្យអ្នកស្រុករស់ នៅក្នុងតំបន់ភ័យស្លន់ស្លោ ។
លោក Mele Kyari នាយកគ្រប់គ្រងនៃ NNPCបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា “វាជារឿងអកុសល យើងបាត់បង់មនុស្សអស់ចំនួន០៥នាក់ ។ ជាមួយគ្នានេះដែរមានមនុស្សជាច្រើននាក់ បានរងរបួសធ្ងន់ធ្ងរ ស្ថិតនៅតាមមន្ទីរពេទ្យនានា ហើយមូលហេតុ នៃការបង្កឲ្យផ្ទុះបំពង់បង្ហូរប្រេងយ៉ាងដូច្នេះ ដោយសារតែមានជនមួយក្រុម បានបំផ្លាញសម្បត្តិសាធារណៈ និងបានធ្វើឲ្យបែកបំពង់បង្ហូរ ប្រេងរបស់យើង ដើម្បីលួចយកផលិតផលផ្សេងៗ ដែលនាំឲ្យកើតមានបញ្ហាទាំងអស់នេះឡើង” ។
NNPC បាននិយាយថា នៅក្នុងខែសីហា ឆ្នាំ២០១៩ ករណីផ្ទុះបំពង់បង្ហូរប្រេង បានកើតឡើង នៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយតួលេខ នៃការបង្កគ្រោះថ្នាក់ បានកើនឡើង រហូតដល់១១៥ភាគរយនៅក្នុងខែកក្កដា ធៀបនឹងខែមិថុនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា