ព័ត៌មានជាតិ

សម្ដេច ស ខេង ៖ បើអ្នកបើកបរ មានសារធាតុញៀន មិនអនុញ្ញាតឲ្យបើកបរមួយជីវិត ខណៈអ្នកស្រវឹង ដកប័ណ្ណបើកបរ (វីដេអូ)

បើអ្នកបើកបរ មានសារធាតុញៀន មិនអនុញ្ញាតឲ្យបើកបរមួយជីវិត ខណៈអ្នកស្រវឹង ដកបណ្ណបើកបរ

សម្ដេច ស ខេង ៖បើអ្នកបើកបរ មានសារធាតុញៀន មិនអនុញ្ញាតឲ្យបើកបរមួយជីវិត ខណៈអ្នកស្រវឹង ដកបណ្ណបើកបរhttps://www.dap-news.com/national/2020/01/21/26891/

Posted by Dap_News_Website on Wednesday, January 22, 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារដាស់តឿន ដល់អ្នកបើកបរថា បើសិនរកឃើញមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវដកប័ណ្ណបើកបរ មិនអនុញ្ញាតឲ្យបើកបរពេញមួយជីវិត ចំណែកអ្នកស្រវឹង ត្រូវដកប័ណ្ណបណ្តោះអាសន្ន ។

សម្តេចអះអាងថា ការធ្វើបែបនេះ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ព្រោះគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០១៩ បានសម្លាប់មនុស្ស១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់ ដែលចំនួននេះ មានការកើនឡើងជាងឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សម្ដេច ស ខេង បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្រោមពាក្យស្លោកថា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះចរាចរណ៍»។

សម្ដេចមានប្រសាសន៍ថា «បើឃើញថា អ្នកបើកបរក្នុងស្ថានភាពស្រវឹង ចោះពែកមី (បណ្ណបើកបរ)។ ចោះតែម្តង បើគ្រាន់តែចុះក្នុងក្រដាស់ផ្សេងអត់បានទេ គឺចោះតែម្តង ដើម្បីស្រួលពិនិត្យមើល។ លើកទីពីរ ចោះមួយទៀត លើកទីបី ដកពែកមី ហើយហាមមិនឲ្យបើកបរ ក្នុងរយៈពេលប៉ុន្មាន? មួយឆ្នាំ ទៅពីរឆ្នាំ។ បើរកឃើញអ្នកមានសារជាតិញៀន មិនបាច់និយាយអ្វីទាំងអស់ បើថាមានពែកមី ចោះដល់ ៥ ទៅ៦ មិនមែនចោះពីរទេ ហើយដកយកតែម្តង។ អ្នកហ្នឹង គឺមួយជីវិត មិនអនុញ្ញាតឲ្យបើកបរ»។

បន្ថែមពីនេះ រដ្ឋមន្ដ្រីមហាផ្ទៃ បញ្ជាក់ថា ការរឹតបន្ដឹងច្បាប់ចរាចរណ៍នាពេលនេះ មិនមែនដើម្បីថវិកាឡើយ គឺដើម្បីកាត់បន្ថយគ្រោះចរាចរណ៍។ ចំពោះថវិកាដែលផាកពិន័យបាន មិនមែនយកចូលរដ្ឋទេ គឺយកមកលើកទឹកចិត្តប៉ូលិស ពេលបំពេញការងារ ៕ ដោយ៖ អេង ប៊ូឆេង

To Top