ព័ត៌មានជាតិ

ទូតចិន៖ ក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបើកចំហ ទីផ្សារកសិផលដល់ប្រទេសកម្ពុជា ជាពិសេសផ្លែស្វាយ នឹងត្រូវអនុញ្ញាតឲ្យនាំចូលជាលើកដំបូង ដោយផ្ទាល់ទៅកាន់ទីផ្សារចិន

ភ្នំពេញ៖លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងប្រាប់ប្រតិភូ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) កាលពីថ្ងៃទី២០ ខែមករាថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបើកចំហទីផ្សារកសិផល ដល់ប្រទេសកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសផ្លែស្វាយ នឹងត្រូវអនុញ្ញាត ឲ្យនាំចូលជាលើកដំបូងដោយផ្ទាល់ ទៅកាន់ទីផ្សារចិនតែម្ដងពោល គឺលែងមានការនាំឆ្លងកាត់ប្រទេសទី៣ ដូចកាលពីមុនទៀតហើយ។

សូមរំលឹកថា ប្រសិនបើដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំ២០២០ប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីអំពីការនាំចេញផ្លែស្វាយ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ខណៈកម្ពុជាមានសក្តានុពល ក្នុងការនាំចេញផ្លែស្វាយជាង ៥០ម៉ឺនតោន ទៅកាន់ប្រទេសចិន ជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខ នឹងបើកចំហទីផ្សារ ជូនដល់ផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាកាន់តែច្រើន។

ក្នុងឱកាសអនុញ្ញាតឲ្យ ប្រតិភូសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) ដឹកនាំដោយសហប្រធាន លោក លីវ ស៊ាវគ័ង និងលោក សយ សុភាព ចូលជួបសម្ដែងការគួរសម ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំចិន។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា “យើងនឹងបន្តបើកចំហទីផ្សារសេរី ដល់ដំណាំកសិផលរបស់ប្រទេសកម្ពុជា។ ជាពិសេសផ្លែស្វាយ នឹងត្រូវអនុញ្ញាត ឲ្យនាំចូលទីផ្សារចិនជាលើកដំបូង នៅក្នុងឆ្នាំ២០២០នេះ”។

លោកទូតក៏បានបញ្ជាក់បន្ថែមថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា-ចិន មានចំនួនរហូត ទៅដល់៩ពាន់លានដុល្លារ ដែលឈរនៅលំដាប់ទី១ ។ជាពិសេសវិស័យទេសចរណ៍ និង សំណង់ទទួលបានការវិនិយោគ ពីអ្នកវិនិយោគចិនច្រើនជាងគេបំផុត។ សម្រាប់ដំណាំកសិផលវិញ កម្ពុជាបាននាំចេញផ្លែចេក ចំនួន១៨ម៉ឺនតោន និងអង្ករចំនួន២៤ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសចិន៕

To Top