ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ យោធាអាមេរិក បញ្ជូនរថយន្តដឹកប្រេងចំនួន៨៩គ្រឿង ពីស៊ីរីដើម្បីដឹកប្រេងទៅកាន់មូលដ្ឋានទ័ព របស់អាមេរិកនៅអ៊ីរ៉ាក់

ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្តដឹកប្រេងចំនួន៨៩គ្រឿង ដើម្បីដឹកប្រេងពីប្រទេសស៊ីរី ទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ។

ទីភ្នាក់ងារ SANA បានផ្សព្វផ្សាយថា ក្បួនដឹកជញ្ជូនប្រេងចុងក្រោយបំផុតបានចូលទៅក្នុងប្រទេសអ៊ីរ៉ាក់តាមរយៈច្រកឆ្លងកាត់ al-Mahmoudieh ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ជូនប្រេងស៊ីរីដែលត្រូវបានលួចចូលទៅក្នុងប្រទេសអ៊ីរ៉ាក់ ។

ទីភ្នាក់ងារ SANA បានផ្សព្វផ្សាយទៀតថា ករណីនេះកើតឡើង២ថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនក្បួនរថយន្តដឹកប្រេងចំនួន១៤៤គ្រឿងតាមរបៀបដូចគ្នា ។

ទីភ្នាក់ងារ SANA បានឲ្យដឹងថា ឧបទ្ទវហេតុនេះគឺជាផ្នែកមួយនៃការរំលោភលើគោលការណ៍ អន្តរជាតិជាបន្តបន្ទាប់របស់អាមេរិក និងការចូលរួមរបស់ពួកគេក្នុងការប្លន់យកធនធានធម្មជាតិរបស់ប្រទេសដទៃ និងការបង្អត់អាហារដល់ប្រជាជនរបស់ពួកគេ ។

រដ្ឋាភិបាលស៊ីរី បានចោទប្រកាន់សហរដ្ឋអាមេរិក ជាយូរមកហើយថា បានលួចធនធានធម្មជាតិនៅក្នុងប្រទេសស៊ីរី ដូចជាប្រេង ឧស្ម័ន និងស្រូវសាលី ជាដើម ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top